Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ដូណាល់ ត្រាំ «មិនជឿថាលោក បៃដិន កំពុងនាំមុខ» ហើយក៏មិនទាន់សន្យានឹងទទួលស្គាល់លទ្ធផលបោះឆ្នោតនោះដែរ (Video inside)

20-07-2020 11:01

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ មិនបានសន្យាឡើយថា លោកនឹងទទួលស្គាល់ លទ្ធផលបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២០ ដែលនឹងចូលមកដល់នៅខែវិច្ឆិកាខាងមុខនេះឡើយ ហើយលោកថែមទាំងបានអះអាង ដោយគ្មានបញ្ជាក់ភស្ដុតាងទៀតផងថា ការបោះឆ្នោតតាមប្រៃសនីយ៍ នឹងនាំឱ្យមានការលួចបន្លំសន្លឹកឆ្នោត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNBC នៅព្រឹកថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២០។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News នៅថ្ងៃអាទិត្យ (ពេលវេលានៅអាមេរិក) លោក ដូណាល់ ត្រាំ ក៏បាននិយាយផងដែរថា ការស្ទង់មតិនាពេលកន្លងមកដែលបង្ហាញថា បេក្ខជនប្រធានាធិបតីអាមេរិក មកពីគណបក្សប្រជាធិបតេយ្យលោក ចូ បៃដិន នាំមុខរូបលោក គឺជាការកុហកបោកប្រាស។ លោក ត្រាំ បានលើកឡើងដូច្នេះថា «ខ្ញុំមិនមែនកំពុងបរាជ័យឡើយ ពីព្រោះការស្ទង់មតិទាំងនោះ គឺជាការកុហកបោកប្រាស់។ ពួកគេធ្លាប់កុហកបែបនេះម្ដង រួចមកហើយកាលពីឆ្នាំ២០១៦ ហើយឥឡូវពួកគេនៅតែកុហកជាថ្មីម្ដងទៀត»

ដោយឡែកនៅពេលត្រូវបានពិធីករទូរទស្សន៍ Fox News លោក គ្រីស វ៉ាលឡេស (Chris Wallace) សាកសួរថា តើលោកនឹងទទួលស្គាល់ លទ្ធផលបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២០ ដែរឬទេ? លោក ត្រាំ មិនបានឆ្លើយចំៗ ឬក៏សន្យាអ្វីឡើយ ដោយគ្រាន់តែនិយាយថា លោកត្រូវចាំមើលសិន ហើយលោកក៏មិនអាចឆ្លើយថា Yes ឬក៏ No បានទេនៅពេលនេះ។

គួរបញ្ជាក់ថា នៅក្នុងបទសម្ភាសន៍ជាមួយ Fox News នោះដែរ លោក ដូណាល់ ត្រាំ នៅតែបន្តមើលស្រាលពីស្ថានការណ៍ COVID-19 បើទោះជាជំងឺដ៏កាច សាហាវមួយនេះបានចម្លងដល់ប្រជាជនអាមេរិកច្រើនជា ៣.៧លាននាក់ ក្នុងនោះស្លាប់ ១៤០,១៣១នាក់ក៏ដោយ។ បើតាមលោក ត្រាំ មកទល់នឹងពេលនេះ គ្មានប្រទេសណាមួយបានធ្វើតេស្ដ លើប្រជាជនរបស់ខ្លួនដូចសហរដ្ឋអាមេរិកឡើយ ពោលគឺលោកចង់សំដៅថា មានតែអាមេរិកប៉ុណ្ណោះបានធ្វើតេស្ដរក COVID-19 ច្រើនជាងគេ និងត្រឹមត្រូវបំផុត មិនដូចប្រទេសមួយចំនួនដែលធ្វើតេស្ដ ទាល់តែប្រជាជនខ្លួនរត់ទៅរកមន្ទីរពេទ្យ៕