(ម៉ូស្គូ)៖ មន្ត្រីជាន់ខ្ពស់រុស្ស៊ីម្នាក់ បានអះអាងថាប្រទេសរបស់លោក អាចនឹងមានវ៉ាក់សាំង COVID-19 នៅខែកញ្ញាខាងមុខនេះ ហើយថែមទាំងបានទាត់ចោលផងដែរ ការចោទប្រកាន់ថាទីក្រុងម៉ូស្គូ កំពុងព្យាយាមលួចទិន្នន័យពាក់ព័ន្ធនឹងការស្រាវជ្រាវ និងអភិវឌ្ឍវ៉ាក់សាំង ពីបណ្ដាប្រទេសដទៃ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន South China Morning Post នៅថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២០។
លោក Kirill Dmitriev ជានាយកប្រតិបត្តិមូលនិធិ Russian Direct Investment Fund (RDIF) គាំទ្រដោយរដ្ឋាភិបាលរុស្ស៊ី ធ្វើការកត់សម្គាល់ខាងលើ តែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមវាយប្រហារតាមប្រព័ន្ធអ៉ីនធើណិត (Hacker) ដែលគេជឿជាក់ថាមានទំនាក់ទំនងជាមួយទីភ្នាក់ងារស៊ើបការណ៍សំងាត់រុស្ស៊ី រងការចោទប្រកាន់ ថាបាននិងកំពុងព្យាយាមលួចយកព័ត៌មានពាក់ព័ន្ធនឹងការស្រាវជ្រាវវ៉ាក់សាំង COVID-19 នៅក្នុងសហរដ្ឋអាមេរិក កាណាដា និងចក្រភពអង់គ្លេស។
បើតាមក្រុមមន្ត្រីសន្តិសុខអាមេរិក ក្រុម Hackers ខាងលើមានឈ្មោះថា APT29 ឬ ខូហ្ស៊ីបៀរ (Cozy Bear) គឺជាអ្នកនៅពីក្រោយការព្យាយាមលួចព័ត៌មានពាក់ព័ន្ធនឹង ការស្រាវជ្រាវវ៉ាក់សាំង COVID-19។ ក្រុម Hackers ទាំងនេះប្រើប្រាស់វីរុសផ្ទាល់ខ្លួន ដែលពួកគេជាអ្នកបង្កើតឡើងឈ្មោះវែលម៉េះ (WellMess) និង វែលមែល (WellMail) ដើម្បីលួចយកព័ត៌មានអំពីការស្រាវជ្រាវវ៉ាក់សាំង COVID-19។
លោក Kirill Dmitriev បានបញ្ជាក់ថា រុស្ស៊ីមិនមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារព័ត៌មានវិទ្យានេះឡើយ ហើយក៏មិនចាំបាច់ត្រូវលួចព័ត៌មានវ៉ាក់សាំង COVID-19 នោះដែរ ដ្បិតទីក្រុងម៉ូស្គូ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយក្រុមហ៊ុន AstraZeneca មានមូលដ្ឋានក្នុងចក្រភពអង់គ្លេស ដើម្បីផលិតវ៉ាក់សាំង នៅឯ R-Pharm ដែលជាក្រុមហ៊ុនឱសថដ៏ធំមួយនៅក្នុងប្រទេសរុស្ស៊ី។ លោក Dmitriev បន្ថែមទៀតថា ក្រុមហ៊ុន AstraZeneca កំពុងផ្ទេរដំណើរការបច្ចេកវិទ្យាទាំងមូល និងវត្ថុធាតុដើម ទាំងអស់ សម្រាប់ការផលិតវ៉ាក់សាំង COVID-19 នៅក្នុងប្រទេសរុស្ស៊ី។
ក៏ប៉ុន្តែ ក្រុមហ៊ុន AstraZeneca មិនទាន់បានធ្វើអត្ថាធិប្បាយអ្វីឡើយ ជុំវិញការអះអាងរបស់លោក Dmitriev ខណៈក្រុមអ្នកជំនាញលោកខាងលិចដូចជាលោក Peter Shapiro ជាអ្នកវិភាគឱសថ មកពីក្រុមហ៊ុន GlobalData នៅតែមានមន្ទិលសង្ស័យពីសមត្ថភាពរបស់រុស្ស៊ី ក្នុងការផលិតវ៉ាក់សាំងដោយខ្លួនឯង នៅខែកញ្ញាខាងមុខនេះ។ លោក Peter Shapiro បានគូសបញ្ជាក់ដូច្នេះថា៖ «យើងមិនគិតឡើយថាវាគឺជាការពិត...ហើយយើងក៏មិនដែលឃើញមានប្រវត្តិសាស្ត្រនៃការអភិវឌ្ឍវ៉ាក់សាំងនៅក្នុងប្រទេសរុស្ស៊ី ដែល ទទួលបានទទួលស្គាល់នោះទេ។ ដូច្នេះ ខ្ញុំជឿថាវ៉ាក់សាំងផលិតដោយរុស្ស៊ី គ្រាន់តែជាហេតុផលនយោបាយមួយតែប៉ុណ្ណោះ»។
គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន ក្រុមមន្ត្រីរុស្ស៊ី ក៏បានអះអាងពីការបញ្ចប់ការសាកល្បងវ៉ាក់សាំង COVID-19 លើមនុស្សដោយជោគជ័យផងដែរ នៅឯសាកលវិទ្យាល័យ Sechenov។ បើតាមគេហទំព័រ worldometers គិតត្រឹមថ្ងៃអាទិត្យនេះ រុស្ស៊ី មានអ្នកឆ្លង COVID-19 ៧៧១,៥៤៦នាក់ ក្នុងនោះស្លាប់ ១២,៣៤២នាក់ និងជាសះស្បើយឡើវិញ ៥៥០,៣៤៤នាក់៕