(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក លោក Wilbur Ross បានទទួលការសម្រាកព្យាបាលនៅ ឯមន្ទីរពេទ្យ ដោយសារតែមានបញ្ហាសុខភាពបន្តិចបន្តួច មិនមានជាប់ពាក់ព័ន្ធនឹង COVID-19 ឡើយ។ នេះបើតាមអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មអាមេរិក ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២០។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មអាមេរិក បានឱ្យដឹងទៀតថា លោក Wilbur Ross មានអាយុ៨២ឆ្នាំ នឹងចាកចេញពីមន្ទីរពេទ្យក្នុងពេលឆាប់ៗនេះ ប៉ុន្តែខាង សេតវិមាន មិនទាន់បានធ្វើអត្ថាធិប្បាយអ្វីឡើយពាក់ព័ន្ធនឹងសុខភាពរបស់លោក Ross។ លោក Ross បានធ្វើការពីផ្ទះរបស់លោកនៅក្នុងរដ្ឋផ្ល័ររីដា តាំងតែពី ចុងខែមីនាមកម្លេះ ខណៈសហរដ្ឋអាមេរិក កំពុងត្រូវបានលុកលុយដោយ COVID-19។
លោក Wilbur Ross ត្រូវបានលោក ដូណាល់ ត្រាំ ជ្រើសរើសជាបេក្ខភាពរដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក កាលពីខែវិច្ឆិកា ឆ្នាំ២០១៦ និងត្រូវបានសភាទទួលស្គាល់ នៅខែកុម្ភៈ ឆ្នាំ២០១៧៕