(តេហេរ៉ង់)៖ ប្រធានាធិបតីអ៉ីរ៉ង់ លោក ហាស្សាន់ រូហានី បាននិយាយថាប្រជាជនអ៉ីរ៉ង់ ៣៥លាននាក់ ឬច្រើនជាង៣០ភាគរយ នៃប្រជាជនសរុបជាង៨០លាន នាក់ អាចនឹងឆ្លង COVID-19 ខណៈអាជ្ញាធរកំពុងចាប់ផ្ដើមរឹតបន្តឹងវិធានការរឹតត្បិតឡើងវិញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២០។
ថ្លែងនៅក្នុងសុន្ទរកថាមួយតាមកញ្ចក់ទូរទស្សន៍រដ្ឋ កាលពីថ្ងៃសៅរ៍ម្សិលមិញ លោក រូហានី បានលើកឡើងដូច្នេះថា៖ «យើងធ្លាប់បានវាយតម្លៃថាប្រជាជនអ៉ីរ៉ង់ ២៥លាននាក់អាចនឹងឆ្លង COVID-19។ ប៉ុន្តែ នៅពេលនេះ យើងបានមើលឃើញពីលទ្ធភាពដែលប្រជាជនអ៉ីរ៉ង់ពី៣០ ដល់៣៥លាននាក់ឯណោះ ប្រហែលជា អាចនឹងឆ្លង COVID-19 »។ លោកបន្ថែមថា មនុស្ស ២០០,០០០នាក់ អាចនឹងត្រូវការព្យាបាលនៅមន្ទីរពេទ្យ នៅប៉ុន្មានខែខាងមុខទៀតនេះ។
គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometers អ៉ីរ៉ង់ដែលជាប្រទេសរងគ្រោះធ្ងន់ធ្ងរជាងគេដោយសារ COVID-19 ក្នុងតំបន់មជ្ឈិមបូព៌ា បច្ចុប្បន្ន មានអ្នកឆ្លង COVID-19 ២៧១,៦០៦នាក់ ក្នុងនោះស្លាប់ ១៣,៩៧៩នាក់ និងជាសះស្បើយឡើងវិញ ២៣៥,៣០០នាក់៕