(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) បាននិយាយថាលោកមិនចង់ប្រើប្រាស់ «វិធានការបិទប្រទេសទាំងមូល» សាជាថ្មី ឡើយ បើទោះជាមានរលកទី២ COVID-19 ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២០។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Telegraph នៅថ្ងៃអាទិត្យនេះ លោក បូរីស ចនសុន ក៏បានប្រដូចដែរថាជម្រើសបិទប្រទេសទាំងមូល ដើម្បី ទប់ស្កាត់ COVID-19 គឺវាប្រៀបបានទៅជម្រើសនុយក្លេអ៊ែរដូច្នោះដែរ ដូច្នេះហើយលោកមិនចង់អនុវត្តវិធានការនេះជាថ្មីម្ដងទៀតនោះទេ។ លោក ចនសុន បាន គូសបញ្ជាក់ដូច្នេះថា៖ «វាប្រៀបដូចជាជម្រើសនុយក្លេអ៊ែរដូច្នោះដែរ។ ខ្ញុំមិនចង់ប្រើប្រាស់វាសាជាថ្មីទៀតនោះទេ ហើយខ្ញុំក៏មិនគិតដែរថាយើងនឹងដាក់ចេញ វិធានការបិទប្រទេសទាំងមូលសាជាថ្មី»។ ប៉ុន្តែទន្ទឹមគ្នា ក្រុមអ្នកជំនាញជាច្រើន បានព្រមានថាអង់គ្លេស នៅតែអាចប្រឈមមុខនឹងហានិភ័យនៃការអនុវត្ត វិធានការបិទប្រទេស ខណៈរដូវរងារកាន់តែខិតជិតចូលមកដល់។
គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ម្សិលមិញ លោក បូរីស ចនសុន ក៏បានរំពឹងដែរថា អ្វីៗនឹងអាចវិលទៅរកសភាធម្មតាវិញ នៅមុនថ្ងៃបុណ្យគ្រិស្មាក់នៅចុងខែធ្នូ ឆ្នាំ២០២០ ប៉ុន្តែលោកក៏បានណែនាំឲ្យគ្រប់គ្នា ត្រៀមសម្រាប់ស្ថានការណ៍អាក្រក់ (ការផ្ទុះ COVID-19 រលកទី២) ដែលអាចនឹងកើតឡើងផងដែរ។
អង់គ្លេសមានមនុស្សស្លាប់រហូតដល់ទៅជាង ៤៥,២០០នាក់ ដោយសារជំងឺ COVID-19 ដែលតួលេខនេះគឺខ្ពស់ជាងគេបំផុតនៅតំបន់អឺរ៉ុបក្នុងចំណោម ករណីឆ្លងសរុបជាង ២៩៣,០០០នាក់។ បច្ចុប្បន្នអង់គ្លេស បានចាប់ផ្តើមសម្លឹងមើលអំពីលទ្ធភាព នៃការដកវិធានការរឹតបន្តឹងបន្ថែមទៀត ខណៈស្ថានការណ៍ COVID-19 នៅតំបន់អឺរ៉ុបទាំំងមូលបានធូរស្រាលឡើងវិញ ជាងតំបន់ផ្សេងៗទៀតទូទាំងពិភពលោក៕