(ប៉េកាំង)៖ រដ្ឋមន្ត្រីការបរទេស និងជាទីប្រឹក្សារដ្ឋចិន លោក វ៉ាង យី បានប្រាប់សមភាគីរុស្ស៊ីរបស់លោកថាសហរដ្ឋអាមេរិក បច្ចុប្បន្នបានបាត់បង់ម្ចាស់ ការលើខ្លួនឯង, សីលធម៌ និងភាពគួរឱ្យទុកចិត្តជាមហាអំណាច ហើយដែលនេះតម្រូវឱ្យទីក្រុងប៉េកាំង និងទីក្រុងម៉ូស្គូ គួរតែធ្វើការងាររួមគ្នាដោះស្រាយ បញ្ហាសកលលោកសំខាន់ៗ ដូចជាវិបត្តិ COVID-19 និងសន្តិសុខតំបន់។ នេះបើតាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន South China Morning Post នៅថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២០។

លោក វ៉ាង យី ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov នៅថ្ងៃសុក្រសប្ដាហ៍នេះ និងចំពេលដែលអ្នកជំនាញជាច្រើនមើលឃើញថាសង្រ្គាមត្រជាក់ថ្មីមួយរវាងសហរដ្ឋអាមេរិក និងចិន បានចាប់ផ្ដើមឡើងហើយ ជុំវិញសំណុំរឿង សមុទ្រចិនខាងត្បូង និងទីក្រុង ហុងកុង។ ថ្លែងនាឱកាសនោះ លោក វ៉ាង យី បានគូសបញ្ជាក់ដូច្នេះថា៖ «សហរដ្ឋអាមេរិក នៅតែបន្តអនុវត្តនយោបាយ តម្កល់ផលប្រយោជន៍អាមេរិកជាធំ (America first) ដែលមានចរិកអាត្មានិយម, ឯកតោភាគីនិយម និងសម្លុតគំរាមគេឯង ហើយទាំងនេះមិនសមជាទង្វើ របស់មហាអំណាចទាល់តែសោះ»

លោកប្រមុខការទូតចិន បានបន្ថែមទៀតថា ដោយសារតែគោលនយោបាយតម្កល់ផលប្រយោជន៍អាមេរិកជាធំ បច្ចុប្បន្នសហរដ្ឋអាមេរិកបានបាត់បង់ ម្ចាស់ការលើខ្លួនឯង, សីលធម៌, ភាពគួរឱ្យទុកចិត្ត និងការទទួលខុសត្រូវក្នុងនាមជាមហាអំណាច។

គួរបញ្ជាក់ថា ជាការឆ្លើយតបទៅនឹងលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov ក៏បានសង្កត់ធ្ងរដែរថារុស្ស៊ី ជំទាស់ជាដាច់ខាត ទៅនឹងគោលនយោបាយឯកតោភាគី និងការសម្លុតគំរាមប្រទេសដទៃតាមរយៈការដាក់ទណ្ឌកម្មពីសំណាក់សហរដ្ឋអាមេរិក។ ការលើកឡើងរបស់លោក វ៉ាង យី កើតមានឡើងនៅចំពេលទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន កំពុងមានភាពតានតឹងកាន់តែខ្លាំងឡើង ដោយសារសំណុំរឿង COVID-19 ,ទីក្រុងហុងកុង និងសមុទ្រចិនខាងត្បូងជាដើម៕