(ញូដេលី)៖ រដ្ឋាភិបាលឥណ្ឌានៅថ្ងៃសុកសប្តាហ៍នេះ បានសម្រេចយល់ព្រមអនុញ្ញាតឲ្យ ក្រុមហ៊ុនអាកាសចរណ៍អាមេរិក បើកដំណើរការជើងហោះហើរ ដឹកអ្នកដំណើរឡើងវិញហើយ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី ២៣ ខែកក្កដា ខាងមុខនេះតែម្តង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២០។
កាលពីខែមិថុនាកន្លងទៅនេះ អាជ្ញាធរឥណ្ឌាបានហាមឃាត់ រាល់ការហោះហើរទាំងអស់មកពីសហរដ្ឋអាមេរិក ក្រោមហេតុផលថា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ COVID-19។ ជុំវិញបញ្ហានេះ នាយកដ្ឋានដឹកជញ្ជូនអាមេរិក បានចោទប្រកាន់រដ្ឋាភិបាលឥណ្ឌាថា «បានបង្កភាពអយុត្តិធម៌ និងរើសអើង» មកលើសេវាកម្មដឹកជញ្ជូន តាមផ្លូវអាកាសរបស់អាមេរិកទៀតផង។
ទោះជាយ៉ាងណា ក្រុមអ្នកតំណាងឲ្យក្រុមហ៊ុនអាកាសចរណ៍ធំៗរបស់សហរដ្ឋអាមេរិក និងស្ថានទូតឥណ្ឌានៅទីក្រុងវ៉ាស៊ីនតោន មិនទាន់បានធ្វើអត្ថាធិប្បាយភ្លាមៗ នៅឡើយទេជុំវិញរឿងនេះ។ ក្រសួងអាកាសចរណ៍ស៊ីវិលឥណ្ឌានាព្រឹកនេះ បានចេញសេចក្តីតីថ្លែងការណ៍មួយ ដែលបានបង្ហោះនៅលើគណនី Twitter ដោយបានគូសបញ្ជាក់ថា ខ្លួននឹងពង្រីកប្រតិបត្តិការ រវាងអាកាសចរណ៍អន្តរជាតិបន្ថែមទៀត ក៏ដូចជាកំពុងរៀបចំបើកដំណើរការ ជើងហោះហើរមួយចំនួនឡើងវិញ ជាមួយសហរដ្ឋអាមេរិក, អេមីរ៉ាត់អារ៉ាប់រួម, បារាំង, អាល្លឺម៉ង់ និងបណ្តាប្រទេសជាច្រើនទៀតផងដែរ៕