(ណានជីង)៖ នាយកដ្ឋានគ្រប់គ្រងធនធានទឹក នៅក្នុងខេត្តជាំងស៊ូ (Jiangsu) ភាគខាងកើតប្រទេសចិន បានប្រកាសអាសន្នកម្រិតខ្ពស់បំផុត (ពណ៌ក្រហម) ទៅលើគ្រោះទឹកជំនន់ ដែលបង្កឡើងដោយទឹកទន្លេយ៉ាងសេ (Yangtze) កើនឡើងលើសកម្រិតប្រកាសអាសន្ន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២០។
នាយកដ្ឋានខាងលើបានគូសបញ្ជាក់ថា ទឹកទន្លេយ៉ាងសេនៅត្រង់ចំណុចទីក្រុងណានជីង (Nanjing) នៃខេត្តជាំងស៊ូ បានហក់ឡើងដល់កម្រិត ១០.២៦ម៉ែត្រ លើសពីកម្រិតគ្រោះថ្នាក់ទៅហើយ ទើបអាជ្ញាធរបានចេញការប្រកាសអាសន្ន ក្នុងកម្រិតខ្ពស់តែម្តង ហើយវាអាក្រក់ជាងកម្រិតខ្ពស់បំផុត ដែលទីក្រុងនេះធ្លាប់ជួបប្រទះ កាលពីឆ្នាំំ១៩៥៤ នោះទៅទៀត។
អាជ្ញាធរសង្គ្រោះបន្ទាន់ប្រចាំខេត្តខាងលើនេះបានព្រមានថា កម្ពស់ទឹកនឹងបន្តស្ថិតនៅកម្រិតខ្ពស់រយៈពេលយូរទៀត ហើយប្រតិបត្តិការសង្គ្រោះកំពុងតែបន្តធ្វើឡើងឥតឈប់ឈរ។ ទឹកជំនន់នៅតាមបណ្តាខេត្តជាប់ទន្លេយ៉ាងសេ ជាពិសេសខេត្តភាគកណ្តាល និងភាគខាងកើតចិន បានអូសបន្លាយប៉ុន្មានសប្តាហ៍មកហើយ ខណៈមនុស្សសរុបជាង ១៤០នាក់ត្រូវបានអាជ្ញាធរចិនអះអាងថា បានស្លាប់ និងបាត់ខ្លួន៕