(ឡុងដ៍)៖ មន្ត្រីប៉ូលិសទីក្រុងឡុងដ៍ម្នាក់ ត្រូវបានសម្រេចព្យួរការងារ បន្ទាប់ពីវីដេអូឃ្លីបមួយបានបែកធ្លាយ ដោយឃើញសកម្មភាពប៉ូលិសរូបនោះ យកក្បាលជង្គង់សង្កត់កបុរសស្បែកខ្មៅម្នាក់ ដែលជាជនសង្ស័យ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២០។
បើតាមឃ្លីបវីដេអូ សកម្មភាពយកជង្គង់សង្កត់កជនជាតិស្បែកខ្មៅខាងលើ ដែលនាំឲ្យគ្រប់គ្នានឹកឃើញដល់អ្វី ដែលបានកើតឡើងនៅសហរដ្ឋអាមេរិកនោះ បានកើតឡើងនៅតំបន់អ៉ីស្លីងតុន (Islington) ភាគខាងជើងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។ ប៉ូលិសពីរនាក់បានព្យាយាមចាប់ក្របួចជនសង្ស័យជាបុរសស្បែកខ្មៅ ដោយក្នុងដៃមានជាប់ខ្នោះ រួចផ្តេកជនសង្ស័យនោះទៅលើចិញ្ចើមផ្លូវ ដែលមើលដូចជាមានសកម្មភាពយកជង្គង់ទៅសង្កត់ក ដើម្បីកុំឲ្យជនសង្ស័យរើបំរាស់។
សារព័ត៌មានក្នុងតំបន់របស់អង់គ្លេស បានរាយការណ៍ថា នៅក្នុងឃ្លីបវីដេអូនោះគេអាចលឺសំឡេងបុរសស្បែកខ្មៅស្រែកថា «កុំសង្កត់កខ្ញុំ»។ បើតាមទីបញ្ជាការប៉ូលិសទីក្រុងឡុងដ៍ មន្ត្រីប៉ូលិសម្នាក់ទៀតជាដៃគូរបស់ប៉ូលិស ដែលបានយកជង្គង់សង្កត់កជនសង្ស័យនោះ ក៏ត្រូវបានព្យួរការងារជាបណ្តោះអាសន្នផងដែរ ដើម្បីរង់ចាំការស៊ើបអង្កេតឯករាជ្យមួយ។ ដោយឡែកជនសង្ស័យជាបុរសស្បែកខ្មៅ កំពុងស្ថិតក្នុងការពិនិត្យសុខភាព ដោយវេជ្ជបណ្ឌិតក្នុងទីបញ្ជាការប៉ូលិស។
ទោះបីជាវិធីខាងលើនេះ ជាទូទៅគឺជាយុទ្ធសាស្ត្រនៅក្នុងការគ្រប់គ្រងជនសង្ស័យពីសំណាក់កងកម្លាំងប៉ូលិសក៏ពិតមែន ប៉ុន្តែបន្ទាប់ពីការកើតមានករណីបុរសស្បែកខ្មៅ ចច ហ្វ្លយដ៍ បានបាត់បង់ជីវិត ដោយសារប៉ូលិសធ្វើទង្វើដូចគ្នានេះនៅសហរដ្ឋអាមេរិក សកម្មភាពគ្រប់គ្រងជនសង្ស័យបែបនេះ បាននិងកំពុងក្លាយជាចំណុចរសើបបំផុត នៃការរិះគន់៕