(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិន នៅថ្ងៃសៅរ៍នេះបានរាយការណ៍ថា ខ្លួនបានរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន ២២ករណីបន្ថែមក្នុងនោះ ១៦ជាករណីឆ្លងក្នុងស្រុក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២០។
គណៈកម្មការសុខាភិបាលជាតិចិន បានលើកឡើងនៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួនថា ការឆ្លងថ្មីៗខាងលើនេះត្រូវបានគេរកឃើញ នៅក្នុងតំបន់ស្វយ័តស៊ីនជាំង (Xinjiang) ប៉ុន្តែគ្មានករណីស្លាប់ថ្មីនោះទេ បើគិតត្រឹមថ្ងៃសុក្រសប្តាហ៏នេះ។ ដោយឡែកនៅថ្ងៃដដែល អ្នកជំងឺដែលបានជាសះស្បើយ ២១នាក់បន្ថែមទៀតត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីពេទ្យ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃសុក្រម្សិលមិញ ប្រទេសចិនមានករណីឆ្លងសរុបចំនួន៨៣,៦៤៤ករណី ខណៈអ្នកជំងឺ ២៥២នាក់កំពុងបន្តស្ថិតក្នុងការព្យាបាល ក្នុងនោះ ០៣នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ រហូតមកទល់ពេលនេះមនុស្ស ៧៨,៧៣៧នាក់បានជាសះស្បើយពីវីរុសកូរ៉ូណានេះ ហើយមនុស្ស ៤,៦៣៤នាក់បានស្លាប់ គិតចាប់ពីចិនបានផ្ទុះជំងឺ COVID-19 ដំបូងកាលពីចុងឆ្នាំ២០១៩៕