(ឥណ្ឌា)៖ មន្ត្រីជាន់ខ្ពស់ឥណ្ឌា បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ទឹកជំនន់រដូវមូសុងបានជន់លិច ផ្នែកជាច្រើននៃរដ្ឋភាគខាងកើតប្រទេសឥណ្ឌា ដែលបង្ខំឲ្យមនុស្សជាងមួយលាននាក់ ជម្លៀសទៅទីជម្រកបណ្តោះអាសន្ន ទោះបីជាត្រូវប្រឈមមុខហានិភ័យនៃការឆ្លង COVID-19 ក៏ដោយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន CNA នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២០។
ជំនន់ទឹកភ្លៀងខាងលើនេះ បានសម្លាប់មនុស្សយ៉ាងតិច ១០នាក់ និងបណ្តាលឱ្យមនុស្សជាង ៧០នាក់ទៀតរងរបួសនៅរដ្ឋ អាហ្សាម (Assam), ប៊ីហារ (Bihar) និង ហ្សាកខានដ៍ (Jharkhand) នឹងបានធ្វើឱ្យភូមិរាប់ពាន់ជន់លិចក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ខណៈដែលអាជ្ញាធរកំពុងព្យាយាមរក្សាគម្លាតសង្គម នៅទីជម្រកបណ្តោះអាសន្ន។
គួរបញ្ជាក់ថា លោក ចន ហ្វ្លេមីង (John Fleming) ប្រធានកាកបាទក្រហម និងអឌ្ឍចន្ទក្រហមអន្តរជាតិបាននិយាយថា ខណៈពេលដែលពិភពលោកកំពុងផ្តោតលើវិបត្តិ COVID-19 នៅសហរដ្ឋអាមេរិក និងអាមេរិកខាងត្បូង នៅអាស៊ីខាងត្បូងដែលស្មើនឹង ១/៤ នៃប្រជាជនទាំងអស់នៅលើពិភលោក កំពុងតែរីករាលដាលក្នុងកម្រិតប្រកាសអាសន្ន៕