(ឡុងដ៍)៖ អតីតរដ្ឋមន្ត្រីរតនាគារជាតិអង់គ្លេស លោក ជីម អូនៀល (Jim O'Neill) បាននិយាយថាការជំរុញឱ្យអង់គ្លេស ចែកផ្លូវជាមួយនឹងចិនគឺវានឹងមានភាពលំបាកដូចគ្នា ទៅនឹង Brexit ដូច្នោះដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២០។
ការលើកឡើងខាងលើរបស់លោក ជីម អូនៀល ត្រូវបានដកស្រង់ចេញផ្សាយនៅថ្ងៃអង្គារសប្ដាហ៍នេះ ក្នុងអត្ថបទមួយរបស់សារព័ត៌មាន Financial Times ដែលមានចំណងជើងថា «ទំនាក់ទំនងចិន-អង់គ្លេស៖ ពីយុគសម័យមាស ធ្លាក់មកដល់ចំណុចដុនដាប»។ លោក អូនៀល ក៏បានបង្ហាញពីការព្រួយបារម្ភផងដែរពីជម្លោះរវាងចិន និងអង់គ្លេស នៅពេលបច្ចុប្បន្ន។ លោកបន្ថែមថា ទំនាក់ទំនងជាមួយចិន បានធ្វើឱ្យអង់គ្លេសទទួលបានផលប្រយោជន៍សេដ្ឋកិច្ចយ៉ាងច្រើន តាមរយៈការបង្កើនការនាំចេញដល់ទៅបីដង របស់អង់គ្លេសទៅកាន់ទីផ្សារចិន។
គួរបញ្ជាក់ថា ក្រៅពីលោក ជីម អូនៀល អតីតរដ្ឋមន្ត្រីខុទ្ទកាល័យអង់គ្លេស លោក ភីតធ័រ មិនឌែលសុន (Peter Mandelson) ក៏បានបង្ហាញកី្ដព្រួយបារម្ភផងដែរ ដោយខ្លាច អង់គ្លេស នឹងត្រូវខាតបង់ធ្ងន់ធ្ងរ នៅក្នុងជម្លោះជាមួយចិន ជាពិសេសពីបន្ទាប់ពីចាកចេញពីសហភាពអឺរ៉ុបជាផ្លូវការ។
ភាពតានតឹងរវាងទីក្រុងប៉េកាំង និងទីក្រុងឡុងដ៍ បានផ្ទុះឡើង ក្រោយរដ្ឋាភិបាលអង់គ្លេស នៅថ្ងៃអង្គារសប្ដាហ៍នេះ បានបង្គាប់ឱ្យក្រុមហ៊ុនទូរគមនាគមន៍ទាំងអស់ នៅក្នុងចក្រភពអង់គ្លេស បញ្ឈប់ការទិញបរិក្ខា 5G ពីក្រុមហ៊ុន បច្ចេកវិទ្យាចិន Huawei ចាប់ពីឆ្នាំក្រោយនេះតទៅ ហើយត្រូវបោសសម្អាតឱ្យអស់នូវរាល់បរិក្ខា ឬបច្ចេកវិទ្យា 5G នៃក្រុមហ៊ុនចិន ចេញពីបណ្ដាញ networks របស់ពួកគេនៅត្រឹមឆ្នាំ២០២៧៕