(ឡុងដ៍)៖ អង្គការសម្ព័ន្ធវ៉ាក់សាំង GAVI បានឱ្យដឹងថា ប្រទេសច្រើនជាង៧៥ បានបង្ហាញពីបំណងចង់ចូលរួមក្នុងកម្មវិធីជំនួយហិរញ្ញវត្ថុ COVAX ដែលត្រូវបានបង្កើតឡើង សំដៅពន្លឿនការអភិវឌ្ឍ និងធានាសមភាពនៃការទទួលបានវ៉ាក់សាំង COVID-19។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២០។
បើតាមអង្គការសម្ព័ន្ធវ៉ាក់សាំង GAVI ប្រទេសច្រើនជាង៧៥ ខាងលើ ដែលនឹងចូលរួមបង់វិភាគទានដោយស្ម័គ្រចិត្ត ក្នុងកម្មវិធី COVAX នឹងធ្វើជាដៃគូជាមួយប្រទេសកំពុង អភិវឌ្ឍចំនួន៩០ផ្សេងទៀត។ GAVI បានបញ្ជាក់ទៀតថា ប្រទេសទាំងនេះរួមបញ្ចូលគ្នាមានចំនួន១៦៥ប្រទេស និងតំណាងឱ្យជាង៦០ភាគរយនៃប្រជាជនពិភពលោក ហើយ ផលប្រយោជន៍រួមនោះ គឺការខិតខំប្រឹងប្រែងធានាសមភាពនៃការទទួលបានវ៉ាក់សាំង COVID-19។
គួរបញ្ជាក់ថា COVAX គឺជាកម្មវិធីហិរញ្ញវត្ថុមួយ ដឹកនាំដោយអង្គការសម្ព័ន្ធវ៉ាក់សាំង GAVI និងអង្គការសុខភាពពិភពលោក WHO ។ កម្មវិធីនេះក៏មានគោលដៅផងដែរក្នុងការ សម្រេចឱ្យបាននូវវ៉ាក់សាំង COVID-19 ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព ២ពាន់លានកញ្ចប់ នៅត្រឹមចុងឆ្នាំ២០២១។ GAVI កាលពីខែមិថុនា ប្រមូលបានថវិកា ៥៦៧លានដុល្លារ ពីម្ចាស់ជំនួយអន្តរជាតិ ហើយមានបំណងប្រមូលឱ្យបាន ២ពាន់លានដុល្លារ ដើម្បីទិញវ៉ាក់សាំង តាមរយៈការកម្មវិធី COVAX៕