(ស៊ីដនី)៖ រដ្ឋវិចតូរៀ (Victoria) នៃប្រទេសអូស្ត្រាលី នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២០នេះ បានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ៣១៧ករណីបន្ថែម ដែលជាតួលេខមួយដ៏ខ្ពស់បំផុត ពុំធ្លាប់មានពីមុនមកទេ បើរាប់ចាប់តាំងពីការផ្ទុះជំងឺឆ្លងមួយនេះ នៅក្នុងទឹកដីអូស្ត្រាលី។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ។
រដ្ឋវិចតូរៀត្រូវបានគេចាត់ទុកថា ជាចំណុចកណ្តាលនៃការផ្ទុះរីករាលដាលជំងឺ COVID-19 នៅក្នុងប្រទេសអូស្ត្រាលី ដោយនៅក្នុងខែកក្កដាតែមួយប៉ុណ្ណោះ រដ្ឋដែលមានប្រជាជនរស់នៅច្រើនជាងគេបំផុតលំដាប់ទី ២ របស់អូស្រ្តាលីមួយនេះ បានកត់ត្រាករណីឆ្លងរហូតជិត ២,៨០០នាក់ឯណោះ។
ជុំវិញបញ្ហានេះ នាយករដ្ឋមន្រ្តីអូស្ត្រាលីលោក ស្កុត ម៉ូរីសុន (Scott Morrison) បានហៅស្ថានការណ៍ COVID-19 នៅរដ្ឋ Victoria ថាជា «ក្តីបារម្ភដ៏ធំមួយ» ប៉ុន្តែទោះជាយ៉ាងណា លោកបានក៏សម្តែងក្តីសង្ឃឹមថា មន្រ្តីសុខាភិបាលក្នុងតំបន់ ពិតជាអាចគ្រប់គ្រងស្ថានការណ៍នេះ បានយ៉ាងជោគជ័យជាមិនខាន។ គួរជម្រាបថា រហូតមកទល់ពេលនេះ ប្រទេសអូស្ត្រាលីទាំងមូលមានករណីឆ្លង COVID-19 សរុបជាង ១០,៨០០ករណី ក្នុងនោះស្លាប់ ១១៣នាក់ និងជាសះស្បើយវិញជាង ៨,០០០នាក់៕