(តៃជុង)៖ កងទ័ពជើងគោក ជើងទឹក និងជើងអាកាសកោះតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍នេះបានដឹកនាំការធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិត ដ៏ធំសម្បើមមួយ ដែលត្រូវបានលោកស្រីប្រធានាធិបតី ត្សៃ អ៉ីងវិន (Tsai Ing-wen) ចាត់ទុកថា ជាការបង្ហាញពីការប្ដេជ្ញាចិត្តការពារដែនកោះរបស់ខ្លួន ពីការឈ្លានពានជាយថាហេតុណាមួយ ពីសំណាក់កងកម្លាំងខាងក្រៅ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២០។
សមយុទ្ធយោធាខាងលើ មានឈ្មោះថា ហានគួង «Han Kuang» ត្រូវបានធ្វើឡើងនៅតំបន់ឆ្នេរក្បែរទីក្រុង តៃជុង (Taichung) ស្ថិតនៅចំកណ្ដាលកោះតៃវ៉ាន់ និងមានការចូលរួមពីកងទ័ព ៨,០០០នាក់ ព្រមទាំងយន្ដហោះចម្បាំង F-16 និងយន្ដហោះចម្បាំងផលិតនៅក្នុងស្រុក ឈីកូវ (Ching-kuo) រួមទាំងរថក្រោះជាច្រើនគ្រឿង ដែលបានបាញ់គ្រាប់ពិត កម្ទេចចំគោលដៅយ៉ាងល្អឥតខ្ចោះ។
លោកស្រីប្រធានាធិបតី Tsai Ing-wen ក៏បានថ្លែងទៅកាន់កងទ័ព ដូច្នេះថា «Han Kuang គឺជាសមយុទ្ធយោធាទ្រង់ទ្រាយធំប្រចាំឆ្នាំ ដែលផ្ដល់ឱកាសកងទ័ពទាំងអស់វាយតម្លៃ និងអភិវឌ្ឍសមត្ថភាប្រយុទ្ធរបស់ខ្លួន ក៏ដូចជាបង្ហាញការបង្ហាញពីការប្ដេជ្ញាចិត្ត ការពារដែនកោះរបស់ខ្លួន ពីការឈ្លានពានជាយថាហេតុណាមួយ ពីសំណាក់កងកម្លាំងខាងក្រៅ»។ ទោះបីជាមិនបានបញ្ជាក់ចំៗថា កងកម្លាំងខាងក្រៅគឺជានរណា តែគេដឹងថាលោកស្រី Tsai ចង់និយាយសំដៅទៅលើចិន។
គួរជម្រាបថា សមយុទ្ធយោធា Han Kuang របស់កោះតៃវ៉ាន់ នៅក្នុងឆ្នាំ២០២០នេះ កើតមានឡើងចំពេលទីក្រុងប៉េកាំង បាននិងកំពុងបង្កើនសកម្មភាពយោធា កាន់តែច្រើនឡើង នៅជុំវិញដែនកោះមួយនេះ ដែលចិនចាត់ទុកថាជាខេត្តមួយរបស់ខ្លួន ហើយថែមទាំងព្រមានជាច្រើនលើកផងដែរថា ចិននឹងប្រើប្រាស់កម្លាំងយោធាភ្លាមៗ ប្រសិនបើកោះតៃវ៉ាន់ប្រកាសឯករាជ្យ ឬមានកម្លាំងខាងក្រៅណាមួយ ព្យាយាមបំបែកតៃវ៉ាន់ចេញពីចិន៕