(ប៉េកាំង)៖ ប្រធានាធិបតីចិនលោក ស៉ី ជីនពីង បាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា ផែនការ និង កំណើនសេដ្ឋកិច្ចចិនក្នុងរយៈពេលវែង គឺមិនប្រែប្រួល ហើយក៏មិនបានផ្លាស់ប្តូរនោះដែរ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២០។
លោកប្រធានាធិបតីចិនបានប្តេជ្ញាផងដែរថា ប្រទេសចិននឹងបន្តធ្វើកំណែទម្រង់ស៊ីជម្រៅ និងពង្រីកការបើកទូលាយ ព្រមទាំងផ្តល់បរិយាកាសអាជីវកម្ម ល្អប្រសើរជាងនេះ សម្រាប់វិនិយោគិន និងការអភិវឌ្ឍសហគ្រាសចិន និងបរទេសផងដែរ។
នេះជាការឆ្លើយតបទៅកាន់ តំណាងសមាជិកក្រុមប្រឹក្សា CEOs សកល។ បន្ថែមពីនេះលោក ស៉ី ជិនពីង ក៏បានកោតសរសើរ ចំពោះទំនុកចិត្ត និងការប្តេជ្ញាចិត្តរបស់គ្រប់គ្នា ក្នុងការបន្តចាក់ឫសគល់អាជីវកម្មរបស់ពួកគេ នៅក្នុងប្រទេសចិន និងការផ្តល់យោបល់ដ៏មានតម្លៃក្នុងន័យស្ថាបនា ដើម្បីរុញច្រានឱ្យមានវឌ្ឍនភាពសេដ្ឋកិច្ច របស់ប្រទេសចិនតទៅមុខទៀត។
ខណៈពិភពលោកកំពុងតែប្រយុទ្ធប្រឆាំងនឹង COVID-19 ប្រទេសចិន បានបន្តចាត់វិធានការ ដើម្បីគ្រប់គ្រងការរីករាលដាលនៃរីរុសនេះ ក្រោមកិច្ចសហប្រតិបត្តិការជាលក្ខណៈអន្តរជាតិ។ ទន្ទឹងនឹងនេះដែរ រដ្ឋាភិបាលទីក្រុងប៉េកាំង នឹងខិតខំបន្ថែមទៀត ក្នុងការអភិវឌ្ឍសង្គមលើគ្រប់វិស័យ ជាពិសេសលុបបំបាត់ភាពក្រីក្រ។ ប្រទេសចិននឹងបន្តអនុវត្ត គោលនយោបាយអាទិភាពចំនួន ០៦ រួមមាន បង្កើនឪកាសការងារ, ជម្រុញជីវភាពរស់នៅរបស់ប្រជាជន, ពង្រីកទីផ្សារ, រក្សាសន្តិសុខស្បៀង និងថាមពល, រក្សាស្ថេរភាពនៃសង្វាក់ផលិតកម្ម នៅកម្រិតសហគមន៍ និងធានាឱ្យមានស្ថិរភាពក្នុងវិស័យហិរញ្ញវត្ថុ ពាណិជ្ជកម្ម ការវិនិយោគនៅបរទេស និងក្នុងស្រុកផងដែរ។
ប្រធានាធិបតីចិនរូបនេះបានសង្កត់ធ្ងន់ថា សាកលភាវូបនីយកម្មនឹងផ្តល់
ផលប្រយោជន៍ដល់ប្រទេសទាំងអស់ ហើយកិច្ចសហប្រតិបត្តិការឈ្នះៗនេះទៀតសោត នឹងជួយជំរុញឱ្យអរិយធម៌មុនស្សជាតិ មានការរីកចម្រើនខ្លាំងជាងនេះទៅទៀត។ ជុំវិញបញ្ហានេះដែរ ប្រទេសចិននឹងបន្តប្រកាន់ខ្ជាប់ខ្ជួន នូវមាគ៌ានៃការអភិវឌ្ឍដោយសន្តិភាព និងធ្វើឱ្យមានសមាហរណកម្មសេដ្ឋកិច្ចពិភពលោក កាន់តែបើកចំហ។
លោកប្រធានាធិបតីចិន ស៉ី ជិនពីង បានរំពឹងផងដែរថា សមាជិកក្រុមប្រឹក្សា CEOs ទាំងអស់នឹងប្រកាន់ខ្ជាប់នូវនិន្នាការឈ្នះៗ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនចិន
ដែលនឹងរួមចំណែកដល់ការងើបឡើងវិញ នៃសេដ្ឋកិច្ចពិភពលោក៕