(វ៉ាស៊ីនតោន)៖ ការស្ទង់មតិថ្មីមួយ សម្រាប់ការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះនៅក្នុងរដ្ឋ ភែនស៊ីលវេនៀ (Pennsylvania) ដែលត្រូវបានគេចាត់ទុកជារដ្ឋប្រទាញប្រទង់ (Swing state) បានបង្ហាញថា បេក្ខជនប្រធានាធិបតីអាមេរិក មកពីគណបក្សប្រជាធិតេយ្យ គឺលោក ចូ បៃដិន (Joe Biden) នៅតែបន្តការនាំមុខលោក ដូណាល់ ត្រាំ ដដែល។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២០។
បើតាមលទ្ធផលស្ទង់មតិធ្វើឡើងដោយ សាកលវិទ្យាល័យ ម៉ុនម៉ៅស៍ (Monmouth University) ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែកក្កដា និងចេញផ្សាយនៅថ្ងៃពុធសប្ដាហ៍នេះ លោក Joe Biden ទទួលបានសំឡេងគាំទ្រ ៥៣ភាគរយ ខណៈលោក ដូណាល់ ត្រាំ ទទួលបានត្រឹមតែ ៤០ភាគរយប៉ុណ្ណោះ។ បន្ថែមពីលើនេះ ៥៧ភាគរយ នៃអ្នកចុះឈ្មោះបោះឆ្នោត ដែលត្រូវបានសាកសួរក៏បាននិយាយដែរថា ពួកគេជឿជាក់ថា ប្រជាជនអាមេរិកមួយចំនួនដែលហៅខ្លួនឯងថា អ្នកបោះឆ្នោតសម្ងាត់ នឹងបោះឆ្នោតឱ្យលោក ត្រាំ ខណៈ ២៧ភាគរយជឿជាក់ថា អ្នកទាំងនេះនឹងបោះឆ្នោតឱ្យលោក Joe Biden។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៦ បើទោះជាលោក ដូណាល់ ត្រាំ ចាញ់នៅក្នុងសំឡេងបោះឆ្នោតពីប្រជាជនអាមេរិក ឬ popular vote តែលោកនៅតែអាចផ្ដួលលោកស្រី ហ៊ីលឡារី គ្លីនតុន ហើយជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកដដែល ដោយសារតែទទួលបានសំឡេងប្រតិភូគ្រប់គ្រាន់៕