(អង់ការ៉ា)៖ យន្តហោះស៊ើបការណ៍មួយគ្រឿងរបស់ប្រទេសតួកគី ត្រូវបានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស៊ូឡេយម៉ាន់ សយលូ (Suleyman Soylu) អះអាងថា បានធ្លាក់នៅក្នុងពេញបំពេញភារកិច្ចក្នុងខេត្ត វ៉ាន់ (Van) ភាគខាងកើតប្រទេស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២០។
លោករដ្ឋមន្ត្រីមហាផ្ទៃតួកគីក៏បានបញ្ជាក់ផងដែរថា ឧប្បដិហេតុខាងលើនេះ បានបណ្តាលឲ្យកងកម្លាំងសន្តិសុខតួកគី ០៧នាក់បាត់បង់ជីវិត ក្នុងនោះពីរនាក់គឺជាមន្ត្រីប៉ូលិស ដែលអាកាសយានិកបញ្ជាយន្តហោះខាងលើ។ មុនករណីធ្លាក់កើតឡើង យន្តហោះស៊ើបការណ៍តួកគី កំពុងស្ថិតនៅក្នុងរយៈកម្ពស់ ២,២០០ម៉ែត្រពីលើតំបន់ភ្នំ អាតូស (Artos) នៃស្រុកហ្គេវ៉ាស់ (Gevas) របស់ខេត្ត Van ជាប់ព្រំដែនជាមួយអ៉ីរ៉ង់។
គួរបញ្ជាក់ថា ក្រៅពីការប្រកាសអំពីមនុស្សស្លាប់ និងយន្តហោះស៊ើបការណ៍ធ្លាក់នោះ ក្រសួងមហាផ្ទៃតួកគីមិនបានបង្ហើបអំពីមូលហេតុ និងប្រភេទនៃយន្តហោះនោះ ឲ្យច្បាស់លាស់នៅឡើយទេ ខណៈក្រុមសង្គ្រោះកំពុងតែត្រូវបញ្ជូន ទៅកាន់កន្លែងកើតហេតុ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ៕