(អាមេរិក)៖ ខណៈដែលពិភពលោកទាំងមូលកំពុងតែតាមដានព័ត៌មាន TikTok និង Huawei ស្រាប់តែនៅពេលនេះ ផ្ទុះរឿងគណនីបុគ្គលល្បីៗ នៅលើបណ្ដាញសង្គម Twitter ត្រូវបានគេ Hack ទៅវិញ។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា គណនី Twitter របស់បេក្ខជនប្រធានាធិបតី សហរដ្ឋអាមេរិក លោក Joe Biden, អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Barack Obama, តារាសម្ដែងដ៏ល្បី Kim Kardashian, មហាសេដ្ឋី Elon Musk និងគណនីបុគ្គលល្បីៗជាច្រើនទៀត ត្រូវបានក្រុម Hacker អាណាមិក Hack។
ពាក់ព័ន្ធនឹងការ Hack នេះគេមិនទាន់ដឹងថា ប៉ះពាល់ដល់ទិន្នន័យផ្ទាល់ខ្លួនរបស់បុគ្គលទាំងនោះ ឬយ៉ាងណាទេ ប៉ុន្តែនៅពេលនេះ Twitter បានព្យាយាមធ្វើការ Verified ទៅលើគណនីផ្លូវការ ដើម្បីរក្សាបាននូវសុវត្ថិភាពខ្ពស់ ដែលជាទូទៅគណនីដែលអាច Verified បានលុះត្រាតែជននោះ ជា អ្នកនយោបាយ, អ្នកកាសែត, បុគ្គលល្បីឈ្មោះ, ស្ថាប័ន ឬអង្គភាពសារព័ត៌មាន ជាដើម។
លោក Jack Dorsey ស្ថាបនិក និងជានាយកប្រតិបត្តិ Twitter បានថ្លែងសារសុំទោសថា «យើងពិតជាសោកស្ដាយចំពោះហេតុការណ៍ដែលបានកើតមានឡើងនេះ។ យើងបានព្យាយាមធ្វើអ្វីដែលយើងអាចធ្វើបាន ហើយយើងនឹងប្រឹងប្រែងទប់ស្កាត់បន្ថែមទៀត ដើម្បីចៀសវាងបញ្ហានេះ»។
គួរបញ្ជាក់ផងដែរថា គណនីទាំងប៉ុន្មានខាងលើនេះ ត្រូវបានយកមកវិញប្រមាណជា ១ម៉ោងក្រោយពី Hacker បាន Hack ប៉ុន្តែសម្រាប់ផលប៉ះពាល់គឺមិនត្រូវបានបង្ហាញឱ្យដឹងឡើយ៕