(វ៉ាស៊ីនតោន)៖ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិនៃសេតវិមាន បានគូសបញ្ជាក់នៅថ្ងៃពុធសប្តាហ៍នេះ (ពេលវេលាវ៉ាស៊ីនតោន) ថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ មិនបានច្រានចោលទាំងស្រុងចំពោះ ការដាក់ទណ្ឌកម្មបន្ថែមលើមន្ត្រីជាន់ខ្ពស់ចិន ដែលមានជាប់ពាក់ព័ន្ធនឹងបញ្ហាហុងកុង ដែលលោកបានចុះហត្ថលេខា កាលពីថ្ងៃអង្គារសប្តាហ៍នេះឡើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២០។
ការគូសបញ្ជាក់ខាងលើនេះ គឺធ្វើឡើងដើម្បីឆ្លើយតបនឹងព័ត៌មានមួយ ដែលសារព័ត៌មាន Bloomerg បានចុះផ្សាយនៅថ្ងៃដដែលនោះថា លោក ដូណាល់ ត្រាំ បានច្រានចោលការដាក់ទណ្ឌកម្មបន្ថែម លើមន្ត្រីជាន់ខ្ពស់ចិននៅពេលនេះ ព្រោះលោកមិនចង់បង្កើតភាពតានតឹង បន្ថែមទៀតជាមួយក្រុងប៉េកាំងទេ។
ជុំវិញសេចក្តីរាយការណ៍របស់កាសែត Bloomberg អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិនៃសេតវិមាន បានចេញមុខមកច្រានចោលភ្លាមៗថា វាគឺគ្មានរឿងដូច្នេះទេដ្បិតថា គ្រប់យ៉ាងមិនមានអ្វីប្រែប្រួលទេ ជុំវិញការសម្រេចចិត្តដាក់ទណ្ឌកម្មបន្ថែម ទៅលើមន្ត្រីជាន់ខ្ពស់ចិន ចំពោះសកម្មភាពរបស់ពួកគេ ដែលបានបំពានលើហុងកុង ឬបញ្ហាផ្សេងៗទៀត។ មិនតែប៉ុណ្ណោះអ្នកនាំពាក្យរូបនេះ ថែមទាំងបានគូសបញ្ជាក់ទៀតថា សំណូមពរ ឬការលើកឡើងណាមួយ ដែលគ្មានប្រភពច្បាស់លាស់ គឺជារឿងខុសធ្ងន់ធ្ងរ។
គួរជម្រាបថា កាលពីថ្ងៃអង្គារសប្តាហ៍នេះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើច្បាប់មួយ ដែលអនុញ្ញាតឲ្យមានការដាក់ទណ្ឌកម្ម លើធនាគារមួយចំនួនរបស់ចិន ក៏ដូចជាមន្ត្រីជាន់ខ្ពស់ចិនទាំងឡាយណា ដែលមានជាប់ពាក់ព័ន្ធក្នុងការអនុម័តច្បាប់សន្តិសុខជាតិថ្មី សម្រាប់ដែនដីស្វយ័តហុងកុង កាលពីចុងខែមិថុនាកន្លងទៅនេះ៕