(ពិភពលោក)៖ នៅថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានឱ្យដឹងថា លោកបានចុះហត្ថលេខាហើយលើច្បាប់ និងបទបញ្ជាប្រតិបត្តិដែលមានគោលដៅឱ្យចិនទទួលខុសត្រូវ ចំពោះ «ទង្វើឃោរឃៅ» ដែលខ្លួនបានប្រព្រឹត្ត តាមរយៈការដាក់ច្បាប់សន្តិសុខជាតិថ្មីលើទីក្រុងហុងកុង។
២៖ នៅថ្ងៃពុធនេះរដ្ឋាភិបាលទីក្រុងប៉េកាំងបានព្រមានថា ខ្លួននឹងចាត់វិធានការសងសឹក លើសហរដ្ឋអាមេរិកវិញជាចាំបាច់ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើច្បាប់មួយ ដែលអនុញ្ញាតឲ្យមានការដាក់ទណ្ឌកម្ម លើធនាគាររបស់ចិន ជុំវិញការអនុម័តច្បាប់សន្តិសុខថ្មីសម្រាប់ហុងកុង។
៣៖ ក្រុមអ្នកជំនាញផ្នែកសុខាភិបាលនៃរដ្ឋាភិបាលជប៉ុន បានបង្ហាញការព្រួយបារម្ភកាន់តែខ្លាំងឡើង ជុំវិញការផ្ទុះករណីឆ្លង COVID-19 ឡើងវិញនៅទីក្រុងតូក្យូ ដោយបានទាញសញ្ញាអាសន្នដល់កម្រិតខ្ពស់បំផុត ក្រោយពីបានរកឃើញការកើនឡើង នៃករណីឆ្លងថ្មីៗមិនលោះថ្ងៃ។
៤៖ ក្រសួងការបរទេសមីយ៉ាន់ម៉ា នៅថ្ងៃពុធនេះបានប្រកាសឲ្យដឹងថា រដ្ឋាភិបាលគ្រោងនឹងធ្វើមាតុភូមិនិវត្តន៍ប្រជាជនរបស់ខ្លួន ដែលជាប់គាំងនៅឯបរទេសចំនួន ១,៨០០នាក់បន្ថែម តាមរយៈជើងហោះសង្គ្រោះបន្ទាន់ចំនួន ១៣ជើង។
៥៖ នាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ លោកស្រី ចេស៊ីនដា អាដឺន (Jacinda Ardern) នៅថ្ងៃពុធនេះបានព្រមានថា ប្រទេសនូវែលហ្សេឡង់ត្រូវតែត្រៀមខ្លួន ឲ្យបានរួចរាល់ជានិច្ច ក្នុងករណីដែលមានការផ្ទុះឡើងជាថ្មីនៃជំងឺ COVID-19 (រលកទី២) ខណៈពិភពលោកទាំងមូល កំពុងរងគ្រោះកាន់តែធ្ងន់ធ្ងរឡើង ដោយសារជំងឺដ៏កាចសាហាវមួយនេះ។
៦៖ ក្រសួងការពារជាតិអាមេរិក បានប្រកាសឲ្យដឹងថា សហរដ្ឋអាមេរិកបានសម្រេច ដកកងទ័ពរបស់ខ្លួនចេញពីមូលដ្ឋានយោធាចំនួន ០៥ នៅក្នុងប្រទេស អាហ្វហ្គានីស្ថាន ជាផ្នែកមួយនៃកិច្ចព្រមព្រៀង ដែលខ្លួនបានចុះហត្ថលេខាជាមួយ ក្រុមសកម្មប្រយុទ្ធតាលីបង់ កាលពីចុងខែកម្ភៈកន្លងទៅនេះ៕