(រ៉ង់ហ្គូន)៖ ក្រសួងការបរទេសមីយ៉ាន់ម៉ា នៅថ្ងៃពុធនេះបានប្រកាសឲ្យដឹងថា រដ្ឋាភិបាលគ្រោងនឹងធ្វើមាតុភូមិនិវត្តន៍ប្រជាជនរបស់ខ្លួន ដែលជាប់គាំងនៅឯបរទេសចំនួន ១,៨០០នាក់បន្ថែម តាមរយៈជើងហោះសង្គ្រោះបន្ទាន់ចំនួន ១៣ជើង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានស៊ីនហួរ នាល្ងាចថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២០។
តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន ដែលបានធ្វើឡើងនៅថ្ងៃពុធនេះ ក្រសួងការបរទេសមីយ៉ាន់ម៉ាបានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងគ្រោងនឹងធ្វើដំណើរ ទៅនាំយកប្រជាជនមីយ៉ាន់ម៉ាចំនួន ១,៨០០នាក់ តាមរយៈយន្តហោះសង្គ្រោះបន្ទាន់ចំនួន ១៣ជើង ក្នុងរយៈពេល ០៣សប្តាហ៍ ដោយនឹងចាប់ផ្តើមពីថ្ងៃអង្គារ សប្តាហ៍ក្រោយ»។
ប្រភពដដែលបានបន្ថែមថា ប្រជាពលរដ្ឋមីយ៉ាន់ម៉ាទាំង ១,៨០០នាក់ខាងលើ មកពីប្រទេសចំនួន ០៥ រួមមានដូចជា ប្រទេសម៉ាឡេស៊ី សិង្ហបុរី ហ្ស៊កដានី អូស្ត្រាលី និងប្រទេសកូរ៉េខាងត្បូង។ ទោះជាយ៉ាងណា លោក យូ ក្យរទីន (U Kyaw Tin) ជារដ្ឋមន្ត្រីក្រសួងការបរទេសមីយ៉ាន់ម៉ាបាននិយាយថា គម្រោងធ្វើបាតុភូមិនិវត្តន៍ខាងលើ ចាំបាច់ត្រូវកែតម្រូវខ្លះ ដ្បិតថាសម្ថភាពនៃទីតាំងសម្រាប់ធ្វើចាត្តឡីស័ក ជនធ្វើមាតុភូមិនិវត្តន៍ទាំងនោះ គឺមិនមានគ្រប់គ្រានៅឡើយទេ ក្នុងរយៈពេលដ៏ខ្លីដូច្នេះ។ រដ្ឋមន្ត្រីរូបនេះ បានគូសបញ្ចាក់បន្ថែមថា រហូតមកដល់ពេលនេះ ជនជាតិមីយ៉ាន់ម៉ាប្រមាណជាង ៨,០០០នាក់ហើយ ដែលបានជាប់គាំងនៅបរទេស ត្រូវបានធ្វើមាតុភូមិនិវត្តន៍វិញ តាមរយៈជើងហោះហើរសង្គ្រោះបន្ទាន់ចំនួន ៥៦ជើង៕