(តូក្យូ)៖ ក្រុមអ្នកជំនាញផ្នែកសុខាភិបាលនៃរដ្ឋាភិបាលជប៉ុន បានបង្ហាញការព្រួយបារម្ភកាន់តែខ្លាំងឡើង ជុំវិញការផ្ទុះករណីឆ្លង COVID-19 ឡើងវិញនៅទីក្រុងតូក្យូ ដោយបានទាញសញ្ញាអាសន្នដល់កម្រិតខ្ពស់បំផុត ក្រោយពីបានរកឃើញការកើនឡើង នៃករណីឆ្លងថ្មីៗមិនលោះថ្ងៃ។ នេះបើតាមការចេញផ្សាយ ដោយទូរទស្សន៍ជប៉ុន NHK នារសៀលថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២០។

បើរាប់ចាប់តាំងពីថ្ងៃទី០២ ខែកក្កដា រហូតមកទល់ពេលនេះ ដោយដកចេញតែថ្ងៃទី០៨ មួយប៉ុណ្ណោះ ទីក្រុងតូក្យូត្រូវបានគេរាយការណ៍ថា មានករណីឆ្លងថ្មីៗច្រើនជាង ១០០ករណីជាមធ្យមក្នុងមួយថ្ងៃ ដែលអត្រានេះពិតជាខ្ពស់ហើយ សម្រាប់ជប៉ុន។ ចំណែកនៅរយៈពេលបួនថ្ងៃចុងក្រោយនេះវិញ ទីក្រុងមួយនេះបានរកឃើញករណីឆ្លងថ្មីៗច្រើនជាង ២០០ករណីកក្នុងមួយថ្ងៃឯណោះ។

តួលេខនៃករណីឆ្លងថ្មីៗចុងក្រោយនេះ វាបានធ្វើឲ្យក្រុមអ្នកជំនាញ ដែលធ្វើការឲ្យរដ្ឋបាលទីក្រុងតូក្យូ មានក្តីព្រួយបារម្ភជាខ្លាំង ជុំវិញលទ្ធភាពនៃការផ្ទុះករណីឆ្លង COVID-19 ជារលកទី ២។ នៅព្រឹកថ្ងៃពុធនេះអភិបាលក្រុងតូក្យូ លោកស្រី កូអ៉ីកិ យូរីកុ (Koike Yuriko) បានលើកឡើងថា វីរុសកំពុងតែរាតត្បាត ហើយស្ថានការណ៍បច្ចុប្បន្ននេះ គឺធ្ងន់ធ្ងរណាស់។

គួរជម្រាបថា បច្ចុប្បន្នប្រទេសជប៉ុនមានករណីឆ្លង COVID-19 សរុបជាង ២.២ម៉ឺនករណី ក្នុងនោះស្លាប់ ៩៨២នាក់ និងជាសះស្បើយជាង ១.៨ម៉ឺននាក់។ ជប៉ុនក៏ធ្លាប់ស្ថិតនៅក្នុងចំណោមប្រទេស ដែលមានការគ្រប់គ្រងករណីឆ្លង COVID-19 បានយ៉ាងប្រសើរផងដែរ នៅក្នុងចំណោមប្រទេសដំបូងៗ ដែលបានផ្ទុះករណីឆ្លងជំងឺរាតត្បាតសកលនេះ បន្ទាប់ពីប្រទេសចិន៕