(វ៉ាស៊ីនតោន)៖ ក្រសួងការពារជាតិអាមេរិក នៅថ្ងៃអង្គារសប្តាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានប្រកាសឲ្យដឹងថា សហរដ្ឋអាមេរិកបានសម្រេច ដកកងទ័ពរបស់ខ្លួនចេញពីមូលដ្ឋានយោធាចំនួន ០៥ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ជាផ្នែកមួយនៃកិច្ចព្រមព្រៀង ដែលខ្លួនបានចុះហត្ថលេខាជាមួយ ក្រុមសកម្មប្រយុទ្ធតាលីបង់ កាលពីចុងខែកម្ភៈកន្លងទៅនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នារសៀលថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២០។

អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក ចូណាថាន់ ហូហ្វមែន (Jonathan Hoffman) បានគូសបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ទាហានអាមេរិកដែលមានវត្តមាន នៅប្រទេសអាហ្វហ្គានីស្ថាន បច្ចុប្បន្នស្ថិតក្នុងតួលេខ ៨,៥០០នាក់ប៉ុណ្ណោះ។ ចំណែកឯមូលដ្ឋានទ័ពចំនួន ០៥ របស់យើងនៅទីនោះ ក៏ត្រូវបានផ្ទេរទៅឲ្យអាហ្វហ្គានីស្ថាន គ្រប់គ្រងជំនួសវិញដែរ»។

គួរជម្រាបថា បើតាមកិច្ចព្រមព្រៀង ដែលត្រូវបានបានចុះហត្ថលេខា រវាងសហរដ្ឋអាមេរិក និងក្រុមតាលីបង់ កាលពីថ្ងៃទី២៩ ខែកម្ភៈ ឆ្នាំ២០២០ បានកំណត់ឲ្យភាគីអាមេរិកដកទ័ពរបស់ខ្លួនឲ្យមកនៅត្រឹម ៨,៦០០នាក់ក្នុងរយៈពេល ១៣៥ថ្ងៃ ពោលគឺនៅពាក់កណ្តាលនៃខែកក្កដា នេះតែម្តង។ កិច្ចព្រមព្រៀងនេះដែរ ក៏បានទាមទាឲ្យអាមេរិក ដកទ័ពទាំងអស់របស់ខ្លួន ចេញពីប្រទេសអាហ្វហ្គានីស្ថាន នៅត្រឹមខែឧសភា ឆ្នាំ២០២១ខាងមុខ ហើយជាថ្នូរមកវិញ ក្រុមសកម្មប្រយុទ្ធតាលីបង់ ត្រូវតែកាត់ផ្តាច់រាល់ទំនាក់ទំនង ជាមួយក្រុមភេរវករ៕