(រ៉ាម៉ាឡាហ៍)៖ ប្រធានាធិបតីប៉ាឡេស្ទីនលោក ម៉ាហ៍មូដ អាប់បាស់ (Mahmoud Abbas) បានប្រកាសកាលពីថ្ងៃអង្គារសប្តាហ៍នេះថា ប្រជាជនប៉ាឡេស្ទីនបានត្រៀមខ្លួនជាស្រេច ដើម្បីបន្តកិច្ចចរចាសន្តិភាពដែលជាប់គាំង ប្រសិនបើប្រទេសអ៉ីស្រាអែល បញ្ឈប់ផែនការរបស់ខ្លួន ក្នុងការឈ្លានពានផ្នែកខ្លះនៃតំបន់ វែសប៊ែង (West Bank)។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២០។

យោងតាមទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន WAFA បានឱ្យដឹងថា លោក Abbas បានលើកឡើងយ៉ាងដូចនេះ ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយនាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន (Boris Johnson) កាលពីយប់ថ្ងៃអង្គារសបា្តហ៍នេះ។ លើសពីនេះទៅទៀតលោកបានប្រាប់លោក ចនសុន ថា សមាជិកក្នុងជំនួបកំពូលពហុភាគី (Middle East Quartet) ដែលរួមបញ្ជូលអង្គការសហប្រជាជាតិ (UN), សហរដ្ឋអាមេរិក សហភាពអឺរ៉ុប រុស្ស៊ី និងប្រទេសដទៃៗទៀត ត្រូវតែផ្តួចផ្តើមកិច្ចចរចាសន្តិភាពណាមួយ ជាមួយនិងប្រទេសអ៉ីស្រាអែល ហើយកិច្ចចរចានេះ ត្រូវតែសមស្របតាមច្បាប់អន្តរជាតិ។

លោក Abbas ក៏បានថ្លែងអំណរគុណដល់ លោក ចនសុន ផងដែរចំពោះជំហររបស់ចក្រភពអង់គ្លេស ដែលបានបង្ហាញការគាំទ្រឱ្យមាន ដំណោះស្រាយសន្តិភាពស្របតាមច្បាប់អន្តរជាតិ និងបដិសេធផែនការឈ្លានពានរបស់អ៉ីស្រាអែល។ ដោយឡែក លោក ចនសុន បានបញ្ជាក់ឡើងវិញពីសារៈសំខាន់ នៃកិច្ចចរចាសន្តិភាពរវាងភាគីទាំងពីរ ផ្អែកលើដំណោះស្រាយរដ្ឋពីរ (two-state solution) ហើយប្រទេសលោកនឹងបន្តកិច្ចខិតខំប្រឹងប្រែងនេះតទៅទៀត។

លោក Abbas បានប្រកាសកាលពី ០២ខែមុន ពីការលុបចោលរាល់កិច្ចព្រមព្រៀង និងការយោគយល់គ្នា រួមទាំងកិច្ចចរចាសន្តិភាព ជាមួយប្រទេសអ៉ីស្រាអែល និងសហរដ្ឋអាមេរិក ដើម្បីឆ្លើយតបនឹងផែនការឈ្លានពានរប់់អ៉ីស្រាអែល។

គួរបញ្ជាក់ថា កិច្ចចរចាសន្តិភាពរវាងអ៉ីស្រាអែល និងប៉ាឡេស្ទីនបានជាប់គាំង ចាប់តាំងពីឆ្នាំ២០១៤ មកម្ល៉េះ បន្ទាប់ពីសហរដ្ឋអាមេរិកកាលពីជំនាន់រដ្ឋបាលលោក អូប៉ាម៉ា បានផ្តួចផ្តើមឡើងអស់រយៈពេល ៩ខែ ប៉ុន្តែមិនបានទទួលវឌ្ឍនភាពនោះទេ ដោយសារតែការខ្វែងគំនិតគ្នារវាងអ៉ីស្រាអែល និងប៉ាឡេស្ទីនលើបញ្ហាធំៗ ដូចជាផ្នែកសន្តិសុខ និងព្រំដែន៕