Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ដូណាល់ ត្រាំ៖ «ចាប់ពីពេលនេះទៅ ទីក្រុងហុងកុងត្រូវបានចាត់ទុក ដូចទៅនឹងចិនដីគោក» (Video inside)

15-07-2020 10:07

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារសប្ដាហ៍នេះបានឱ្យដឹងថា លោកបានចុះហត្ថលេខាហើយលើច្បាប់ និងបទបញ្ជាប្រតិបត្តិ ដែលមានគោលដៅឱ្យចិនទទួលខុសត្រូវចំពោះ «ទង្វើឃោរឃៅ» ដែលខ្លួនបានប្រព្រឹត្ត តាមរយៈការដាក់ច្បាប់សន្តិសុខជាតិថ្មី លើទីក្រុងហុងកុង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២០។

លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់មួយ ត្រូវបានអនុម័តដោយសភាអាមេរិក ដើម្បីដាក់ទណ្ឌកម្មលើធនាគារទាំងឡាយណា មានទំនាក់ទំនងជាមួយក្រុមមន្ត្រីចិន ដែលបានចូលរួម ឬមានជាប់ពាក់ព័ន្ធនឹងការដាក់ឱ្យអនុវត្ត ច្បាប់សន្តិសុខជាតិថ្មីរបស់ទីក្រុងប៉េកាំង លើទីក្រុងហុងកុង។ នៅចំពោះមុខអ្នកសារព័ត៌មាន លោក ត្រាំ ក៏បានគូសបញ្ជាក់ឱ្យដឹងផងដែរថា លោកចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយផ្សេងទៀត សំដៅដាក់ទណ្ឌកម្មចិននៅពេលអនាគត។

ប្រធានាធិបតីអាមេរិករូបនេះ បានគូសបញ្ជាក់ដូច្នេះថា «បទបញ្ជាប្រតិបត្តិនេះ នឹងបញ្ចប់ការអនុគ្រោះពាណិជ្ជកម្មពិសេសសម្រាប់ទីក្រុងហុងកុង, គ្មានឡើយ សម្បទានពិសេស, គ្មានទេការអនុគ្រោះសេដ្ឋកិច្ចពិសេស ហើយក៏គ្មានដែរការនាំចេញបច្ចេកវិទ្យាសំខាន់ៗដែរ។ ពោលគឺ ចាប់ពីពេលឥឡូវតទៅ ទីក្រុងហុងកុងនឹងត្រូវបានចាត់ទុក ដូចទៅនឹងចិនដីគោក»

គួរជម្រាបថា ទីក្រុងហុងកុងត្រូវបានអង់គ្លេសប្រគល់ឱ្យចិន គ្រប់គ្រងវិញនៅឆ្នាំ១៩៩៧ ហើយបើទោះជាមានច្បាប់សន្តិសុខជាតិថ្មីក៏ដោយ ក៏ទីក្រុងហុងកុងនៅតែបន្តអនុវត្ត គោលនយោបាយប្រទេសមួយប្រព័ន្ធពីរ រហូតដល់ឆ្នាំ២០៤៧។ ប៉ុន្តែបណ្តាប្រទេសលោកខាងលិច ជាពិសេសគឺសហរដ្ឋអាមេរិកបានចោទថា ច្បាប់នេះនឹងបំផ្លាញសេរីភាព ក៏ដូចជាស្វ័យភាពរបស់ទីក្រុងហុងកុង បើទោះជាទីក្រុងប៉េកាំងបដិសេធក៏ដោយ៕