(វ៉ាស៊ីនតោន)៖ នាយកមជ្ឈមណ្ឌលអាមេរិកសម្រាប់ការគ្រប់គ្រង និងបង្ការជំងឺឆ្លង (CDC) លោក រ៉ូប៊ឺត រ៉េដហ្វៀល (Robert Redfield) បាននិយាយថា ប្រសិនបើប្រជាជនអាមេរិកទាំងអស់នាំគ្នាពាក់ម៉ាស នោះការជំងឺឆ្លង COVID-19 អាចនឹងស្ថិតនៅក្រោមការគ្រប់គ្រងក្នុងរយៈពេលពី ៤-៨សប្ដាហ៍។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២០។

លោក Redfield ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍តាមប្រព័ន្ធអនឡាញ ជាមួយទស្សនាវដ្ដីវេជ្ជសាស្ត្រអាមេរិក (Journal of the American Medical Association) នៅថ្ងៃអង្គារសប្ដាហ៍នេះ។ នាឱកាសនោះនាយក CDC រូបនេះបានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំគិតថា បើយើងអាចធ្វើឱ្យអ្នកទាំងអស់គ្នា ពាក់ម៉ាសបាន នោះការកើនឡើងនៃករណីឆ្លង COVID-19 អាចនឹងស្ថិតនៅក្រោមការគ្រប់គ្រង ក្នុងរយៈពេលពី ៤ ទៅ ៨សប្ដាហ៍»។

លោក Redfield បានបន្ថែមទៀតថា ការពាក់ម៉ាស គឺជាបញ្ហាសុខាភិបាលសាធារណៈ ប៉ុន្តែលោកមានការសោកស្ដាយ បើការពាក់ម៉ាសត្រូវបានប្រើប្រាស់ ត្រឹមតែជាប្រយោជន៍នយោបាយ។

គួរបញ្ជាក់ថា បើតាម CDC ការពាក់ម៉ាសគឺជាវិធានការមួយដ៏ចម្បង ក្នុងការចូលរួមទប់ស្កាត់ការឆ្លង COVID-19។ គិតត្រឹមថ្ងៃអង្គារសប្តាហ៍នេះ សហរដ្ឋអាមេរិកមានករណីឆ្លង COVID-19 សរុប ៣.៥លានករណី ក្នុងនោះស្លាប់ ១៣៩,១៤៣នាក់ និងជាសះស្បើយឡើងវិញ ១.៦លាននាក់៕