(បរទេស)៖ ងាកចេញពីបញ្ហា COVID-19 បន្តិច នោះយើងនឹងឃើញការស្រាវជ្រាវទីអវកាស នៅតែបន្តទៅមុខ និងមានភាពសកម្មភាពខ្លាំងក្លាដដែល។ ជាក់ស្តែងនៅក្នុងខែកក្កដា ឆ្នាំ២០២០នេះយានស្រាវជ្រាវចំនួនបី នឹងត្រូវបាញ់បញ្ជូនទៅភពអង្គារ ដើម្បីបំពេញបេសកកម្មរៀងៗខ្លួន ដោយក្នុងនោះមានដូចជា យាន Perseverance របស់សហរដ្ឋអាមេរិក, យាន Tianwen-1 របស់ចិន និងយាន Hope របស់អេមីរ៉ាត់អារ៉ាប់រួម។
១៖ យាន Perseverance របស់អង្គការអវកាសអាមេរិក NASA
បេសកកម្មមួយនេះនឹងបាញ់បង្ហោះនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ដោយមានយានមួយគ្រឿងគោលឈ្មោះ ភើសេវើរិនស៍ (Perseverance) មានសមត្ថភាពស្រាវជ្រាវរកដាននៃជីវិតលើភពអង្គារ ដែលនៅតែជាអាថ៌កំបាំង។ Perseverance នឹងសហការជាមួយរ៉ូបូតរបស់អឺរ៉ុបឈ្លោះ Fetch ដើម្បីជីក និងដឹកគំរូងតា (ដុំថ្ម ឬដី) ពីភពអង្គារ រួចបាញ់បញ្ជូនមកផែនដៅវិញ យ៉ាងហោចណាស់នៅអំឡុងឆ្នាំ២០២៦ ដើម្បីឲ្យក្រុមអ្នកវិទ្យាសាស្ត្រលើផែនដី ធ្វើការសិក្សាដោយលម្អិត អំពីសារធាតុផ្សំនានានៃដីភពអង្គារ។
២៖ បេសកកម្មយាន Tianwen-1 របស់ទីភ្នាក់ងារអវកាសចិន CNSA
យានធានវិន ១ (Tianwen-1) របស់ចិននឹងត្រូវបញ្ជូនចេញពីផែនដី តាមរយៈរ៉ុក្កែត Long March 5 នៅខ្ទង់ខែកក្កដា ឬខែសីហាខាងមុខនេះ (មិនទាន់កំណត់ថ្ងៃជាក់លាក់តែម្តងឡើយ) ហើយនឹងទៅដល់ភពអង្គារនៅខែកុម្ភៈ ឆ្នាំ២០២១។ នៅពេលទៅដល់ យាន (Lander) ផ្ទុករ៉ូបូតដែលចល័តបាន (Robot) នឹងត្រូវទម្លាក់ទៅលើផ្ទៃរបស់ភពអង្គារ ដើម្បីធ្វើការស្រាវជ្រាវតាមគំរោងនៅទីនោះ។ ពេលទៅដល់បេសកម្ម Tianwen-1 របស់ចិន ដែលមានផ្កាយរណបសម្រាប់ហោះជុំវិញភពអង្គារ ព្រមទាំងយានចុះចត ដែលនឹងបញ្ចេញយានរ៉ូបូតអាចចល័តបាននោះ នឹងធ្វើការស្វែងរកវត្តមានទឹក និងទឹកកកនៅលើផ្ទៃភពអង្គារ ហើយស្រាវជ្រាវបរិយាកាស ក៏ដូចជាស្រទាប់ដីរបស់វា។
៣៖ យាន-ផ្កាយរណប Amal ឬ Hope របស់ប្រទេសអេមីរ៉ាត់អារ៉ាប់រួម
ប្រទេសអេមីរ៉ាត់អារ៉ាប់រួម នឹងបំពេញបេសកកម្មដំបូងបំផុត តំណាងឲ្យតំបន់អារ៉ាប់ទាំងមូល ក្នុងការបញ្ជូនយានផ្កាយរណប ទៅកាន់ភពព្រះអង្គារ។ យានអវកាសដែលប្រទេសអេមីរ៉ាត់អារ៉ាប់រួម គ្រោងបញ្ជូនទៅគឺជាប្រភេទផ្កាយរណបឈ្មោះ អាម៉ាល់ (Amal) មានន័យថា «ក្តីសង្ឃឹម»។ យាន Amal នឹងត្រូវបាញ់បង្ហោះ ចេញពីប្រទេសជប៉ុន ដោយប្រើគ្រាប់រ៉ុក្កែតរបស់ជប៉ុន នៅថ្ងៃទី១៥ ខែកក្កដា ស្អែកនេះតែម្តង។
គួរបញ្ជាក់ថា ហេតុដែលប្រទេសទាំងបីខាងលើ ជ្រើសយកខែកក្កដា និងសីហា ឆ្នាំ២០២០ ជាពេលដែលត្រូវបាញ់បង្ហោះយានទៅកាន់ភពព្រះអង្គារនោះ ព្រោះតែវាជាពេលដែលភពផែនដី និងភពអង្គារ គោចរមកក្នុងគន្លងត្រសងកៀកគ្នាបំផុត ដែលមានតែរយៈពេល ២៦ខែម្តងប៉ុណ្ណោះ។ តាមការពិតទៅអង្គការអឺរ៉ុប ESA និងរុស្ស៊ី ROSCOSMOS ក៏គ្រោងបាញ់យានស្រាវជ្រាវភពអង្គារ ExoMars របស់ខ្លួនអំឡុងពេលដូចគ្នានេះដែរ ប៉ុន្តែវាត្រូវបានលើកពេលទៅឆ្នាំ២០២២វិញ ព្រោះតែការធ្វើតេស្តសំខាន់ៗមួយចំនួន មិនអាចបញ្ចប់ឲ្យបានទាន់ពេល៕
ប្រភព៖ Space និង South China Morning Post (ថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២០)