(ហ្សឺណេវ)៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃចន្ទសប្តាហ៍នេះ (ម៉ោងនៅហ្សឺណែវ) បានព្រមានថា ស្ថានការណ៍នៃជំងឺ COVID-19 នឹងកាន់តែអាក្រក់ទៅៗ ប្រសិនបើប្រទេសនានាធ្វេសប្រហែស និងព្រងើយកន្តើយ មិនព្រមចាត់វិធានការថែទាំសុខភាពប្រជាជន ឲ្យបានត្រឹមត្រូវទេនោះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២០។

តាមរយៈសន្និសីទសារព័ត៌មានពីចម្ងាយ ចេញពីទីក្រុងហ្សឺណេវ ប្រធាន WHO លោក ថេដ្រូស អាដាណម (Tedros Adhanom Ghebreyesus) បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំសូមនិយាយត្រង់ៗថា ប្រទេសជាច្រើននៅលើពិភពលោក កំពុងដើរក្នុងគន្លងខុស ដ្បិតថាវីរុសកូរ៉ូណា (COVID-19)នេះនៅតែជាសត្រូវលេខ ១ របស់មនុស្សលោកនៅឡើយ»។ ប្រមុខ WHO រូបនេះបានសង្កត់ធ្ងន់ទៀតថា «ប្រសិនបើវិធានការជាមូលដ្ឋាន មិនត្រូវបានអនុវត្តទេនោះ វាច្បាស់ណាស់ថាលទ្ធផលដែលយើងនឹងទទួលបាន នោះគឺជំងឺរាតត្បាតសកលនេះ វានឹងវិវឌ្ឈន៍កាន់តែអាក្រក់ៗទៅជាមិនខាន»

គួរជម្រាប រហូតមកទល់ពេលនេះ ពិភពលោកមានករណីឆ្លង COVID-19 សរុបជាង ១៣លាននាក់ហើយ ដោយក្នុងនោះ ៥៧ម៉ឺននាក់ស្លាប់បាត់បង់ជីវិត និងជាង ៧.៦លាននាក់ទៀតបានជាសះស្បើយឡើងវិញ។ ទោះបីជាសន្ទុះនៃករណីឆ្លងថ្មីៗ នៅលើពិភពលោក មិនទាន់មានសភាពថមថយក៏ដោយ ក៏បណ្តាប្រទេសភាគច្រើន ហាក់កំពុងងាកមកបើដំណើរសេដ្ឋកិច្ចឡើងវិញ។ ប្រការនេះត្រូវបានអ្នកជំនាញសុខភាពសាធារណៈចាត់ទុកថា ជារឿងដ៏គ្រោះថ្នាក់បំផុត នៅចំពោះជំងឺរាតត្បាតសកលដ៏កាចសាហាវមួយនេះ៕