(វ៉ាស៊ីនតោន)៖ អ្នកជំនាញផ្នែកជំងឺឆ្លងអាមេរិក លោក Anthony Fauci បាននិយាយថា រលកថ្មីនៃការឆ្លង COVID-19 នៅសហរដ្ឋអាមេរិក កំពុងតែរីករាលដាល ដោយសារតែប្រទេសមួយនេះ មិនដែលបិទប្រទេសទាំងស្រុង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ៍ ទី១៤ ខែកក្កដា ឆ្នាំ២០២០។
លោក Anthony Fauci នាយកវិទ្យាស្ថានជាតិ អាឡែរហ្សី និងជំងឺឆ្លងអាមេរិក បានថ្លែងក្នុងសិក្ខាសាលាពីចម្ងាយ ដែលរៀចចំឡើងដោយសាលាវេជ្ជសាស្ត្រ ស្ទែនហ្វដ ដូច្នេះថា៖ «យើងមិនបានបិទប្រទេសទាំងស្រុងនោះទេ....ហើយសហរដ្ឋអាមេរិក នឹងមិនអាចឃើញទីបញ្ចប់នៃជំងឺរាតត្បាតជាសកលនេះទេ បើសិនជាមិនមានថ្នាំ និងវ៉ាកសាំង COVID-19»។
លោក Fauci បានបន្ថែមទាំងសុទិដ្ឋិនិយមយ៉ាងប្រុងប្រយ័ត្នទៀតថា អ្នកវិទ្យាសាស្ត្រនឹងអាចបង្កើតវ៉ាក់សាំង COVID-19 ដែលមានសុវត្ថិភាព និងប្រសិទ្ធភាព យ៉ាងហោចណាស់នៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ។
គួរបញ្ជាក់ថា យោងតាមរបាយការណ៍របស់សាកលវិទ្យាល័យ Johns Hopkins គិតត្រឹមល្ងាចថ្ងៃចន្ទសប្តាហ៍នេះ សហរដ្ឋអាមេរិកមានអ្នកឆ្លង COVID-19 ជាង ៣,៣៥៣,០០០នាក់ ក្នុងនោះ ១៣៥,៥០០ នាក់បានស្លាប់៕