(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិន នៅថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ បានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗ នៃជំងឺ COVID-19 ចំនួន០៥ករណីបន្ថែមទៀត ដែលសុទ្ធសឹងតែជាប្រភេទករណីនាំចូលពីបរទេសទាំងអស់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

បើតាមការបញ្ជាក់របស់គណៈកម្មការជាតិសុខាភិបាលចិន ករណីឆ្លងថ្មីៗទាំងអស់ខាងលើ គឺសុទ្ធតែជាប់ពាក់ព័ន្ធនឹងអ្នកដំណើរចូលមកប្រទេសចិន ខណៈទីក្រុងប៉េកាំង ដែលធ្លាប់រាយការណ៍ពីករណីឆ្លងជាចង្កោមថ្មីនោះ មិនមានករណីឆ្លងថ្មីនោះទេ សម្រាប់របាយការណ៍ថ្ងៃអង្គារនេះ និង៨ថ្ងៃជាប់ៗគ្នា។

គិតត្រឹមថ្ងៃអង្គារនេះ ប្រទេសចិនមានករណីឆ្លងសរុប ៨៣,៦០៥ ករណី ដោយក្នុងនោះចំនួនអ្នកស្លាប់នៅរក្សាបានត្រឹម ៤,៦៣៤ នាក់ដដែល ពោលគឺគ្មានអ្នកស្លាប់ ឡើយសូម្បីតែម្នាក់ សម្រាប់រយៈពេលជាច្រើនសប្តាហ៍ចុងក្រោយនេះ៕