(ហុងកុង)៖ យន្ដហោះស៊ើបការណ៍អាមេរិកមួយគ្រឿង បានហោះមកក្បែរខេត្តក្វាងទុង (Guangdong) នៃភាគខាងត្បូងប្រទេសចិន ក្រោមក្របខណ្ឌនៃប្រតិបត្តិការ ដ៏កម្រមួយ ដែលគេជឿជាក់ថាមានគោលបំណងតាមឃ្លាំមើលសកម្មភាពយោធានានា នៅក្នុងតំបន់ ខណៈកោះតៃវ៉ាន់ កំពុងចាប់ផ្ដើមធ្វើសមយុទ្ធយោធា។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន South China Morning Post នៅថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២០។
យន្ដហោះស៊ើបការណ៍អាមេរិក E-8C បានបង្ហាញខ្លួននៅចំងាយប្រហែល ១១០គីឡូម៉ែត្រពីតំបន់ឆ្នេរ នៅថ្ងៃចន្ទសប្ដាហ៍នេះ ពោលគឺចំថ្ងៃតែមួយដែលកោះតៃវ៉ាន់បាន ចាប់ផ្ដើមការធ្វើសមយុទ្ធទ្រង់ទ្រាយធំប្រចាំឆ្នាំ។ មុននឹងហោះមកក្បែរខេត្តក្វាងទុង យន្ដហោះ E-8C បានស្ថិតនៅឯមូលដ្ឋានទ័ពអាកាស Kadena ក្នុងប្រទេសជប៉ុន និងបានហោះហើរពីលើទីក្រុងតូក្យូ ផងដែរ។
គួរជម្រាបថា វត្តមានរបស់យន្ដហោះស៊ើបការណ៍អាមេរិក E-8C កើតមានឡើងនៅក្នុងបរិបទដែលទំនាក់ទំនងចិន និងសហរដ្ឋអាមេរិក កំពុងតានតឹងរឹតតែខ្លាំងឡើង ជុំវិញ បញ្ហាជាច្រើនក្នុងនោះរួមមានទីក្រុងហុងកុង សមុទ្រចិនខាងត្បូង និងកោះតៃវ៉ាន់។ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ទីក្រុងវ៉ាស៊ីនតោន បានបញ្ជូននាវាចម្បាំង និងយន្ដហោះចម្បាំង មកកាន់ដែនទឹកកោះតៃវ៉ាន់ ជាច្រើនលើក ដើម្បីបង្ហាញពីសេរីភាពនាវាចរ និងការប្ដេជ្ញាចិត្តការពារសម្ព័ន្ធមិត្តរបស់ខ្លួនដូចជាតៃវ៉ាន់ ពីការគំរាមកំហែង នានា៕