(តេហេរ៉ង់)៖ សមាជិកសភាអ៉ីរ៉ង់ លោក Isa Jafari បានទទួលមរណភាពហើយនៅថ្ងៃចន្ទនេះ ដោយសារ COVID-19 បន្ទាប់ពីបានសម្រាកព្យាបាលក្នុងបន្ទប់ សង្រ្គោះបន្ទាន់ តាំងពីថ្ងៃពុធសប្ដាហ៍មុនមកម្លេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២០។
លោក Jafari គឺជាសមាជិកសភាអ៉ីរ៉ង់ទី៣ ដែលបានស្លាប់ដោយសារ COVID-19 ក្រោយទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតសភា កាលពីខែកុម្ភៈ។ សមាជិកសភាអ៉ីរ៉ង់ពីរនាក់ផ្សេងទៀត គឺលោកស្រី Fatemeh Rahbar និងលោក Mohammad Ali Ramezani រួមទាំងអ្នកនយោបាយអ៉ីរ៉ង់ជាច្រើនរូបក៏បាន ស្លាប់ដោយសារ COVID-19 ផងដែរ។
គួរជម្រាបថា អ៉ីរ៉ង់ បានរាយការណ៍ពីករណីឆ្លង COVID-19 ដំបូង កាលពីថ្ងៃទី១៩ ខែកុម្ភៈ ហើយគិតត្រឹមថ្ងៃចន្ទនេះ ករណីឆ្លងសរុបទូទាំងប្រទេសបានកើន ដល់ ២៥៩,៦៥២នាក់ ក្នុងនោះស្លាប់ ១៣,០៣២នាក់៕