(ម៉ាសេដូនីខាងជើង)៖ ជាប្រទេសដ៏តូចមួយ និងមិនមានព្រំដែនជាប់សមុទ្រ ម៉ាសេដូនីខាងជើងនឹងរៀបចំការបោះឆ្នោតសភាមួយ នៅថ្ងៃពុធសប្ដាហ៍នេះ។ ម៉ាសេដូនីខាងជើងត្រូវបានគេស្គាល់ច្រើន និងត្រូវសារព័ត៌មានចុះផ្សាយ យ៉ាងព្រោងព្រាតកាលពីឆ្នាំ២០១៩ ក្រោយប្រទេសមួយនេះសម្រេចចិត្ត «ប្ដូរឈ្មោះប្រទេសជាផ្លូវការ» ដើម្បីបញ្ចប់ជម្លោះជាមួយប្រទេសក្រិក។
ខណៈម៉ាសេដូនីខាងជើងដែមានប្រជាជនរស់នៅសរុបជាង ២លាននាក់ នៅលើផ្ទៃដីសរុប ២៥,៧១៣គីឡូម៉ែត្រក្រឡាកំពុងរៀបចំការបោះឆ្នោតសភា ខាងក្រោមនេះគឺជាចំណុចសំខាន់ៗទាំង ៥ ដែលគួរយល់ដឹងពីរដ្ឋក្នុងតំបន់បាល់កង់មួយនេះ ដែលបានផ្ដាច់ខ្លួនពីអតីតសហ័ន្ធយូហ្គូស្លាវី អស់រយៈពេលជិត ៣០ឆ្នាំមកហើយ៖
១៖ ប្ដូរឈ្មោះប្រទេស
ចាប់តាំងពីទទួលបានឯករាជ្យឆ្នាំ១៩៩១ ម៉ាសេដូនីខាងជើង បានឈ្លោះប្រកែកអស់រយៈពេលរាប់សិបឆ្នាំ ជុំវិញឈ្មោះម៉ាសេដូនីជាមួយប្រទេសក្រិក ដែលមានខេត្តមួយឈ្មោះម៉ាសេដូនីដូចគ្នា។ នៅឆ្នាំ២០១៨ ប្រទេសជិតខាងទាំង ២ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាប្រវត្តិសាស្ត្រមួយ ដើម្បីបញ្ចប់ជម្លោះ នឹងគ្នាដោយម៉ាសេដូនីយល់ព្រមបន្ថែមពាក្យ «ខាងជើង» ក្លាយជា «ម៉ាសេដូនីខាងជើង» ជាថ្នូរឱ្យទីក្រុងអាតែន បោះបង់ចោលការរារាំង មិនឱ្យប្រទេសដ៏តូចមួយនេះ ចូលជាសមាជិកអង្គការ NATO និងសហភាពអឺរ៉ុប។
ជាលទ្ធផល ប្រទេសលោកខាងលិចបានស្វាគមន៍ និងសាទរកិច្ចព្រមព្រៀងនេះ ហើយ NATO បានស្វាគមន៍ឱ្យម៉ាសេដូនីខាងជើងចូលជាសមាជិក ខណៈសហភាពអឺរ៉ុបបើកភ្លើងបៃតងឱ្យប្រទេសមួយនេះ ចាប់ផ្ដើមកិច្ចចរចាចូលជាសមាជិកភាព ដែលនឹងត្រូវចំណាយពេលចរចាជាច្រើនឆ្នាំ។
២៖ ការភ័ន្តច្រឡំ
ប្រទេសម៉ាសេដូនីខាងជើងមានប្រជាជនសរុបជា ២លាននាក់ រស់នៅលើផ្ទៃដីសរុប ២៥,៧១៣គីឡូម៉ែត្រក្រឡា ក្នុងនោះភាគច្រើនជាជនជាតិស្លាវកាន់និកាយអូតូដុក (Orthodox Slavs) និងជនជាតិភាគតិចអាល់បានី ដែលតំណាងមួយភាគបួន នៃប្រជាជនសរុប។ តែបើគេធ្វើដំណើរឆ្លងកាត់ភាគពាយ័ព្យ គេអាចនឹងយល់ច្រឡំថា ម៉ាសេដូនីខាងជើងស្ថិតនៅក្នុងប្រទេសអាល់បានី។ បន្ថែមពីលើនេះ នៅក្រោមកិច្ចព្រមព្រៀងឆ្នាំ២០០៥ ជនជាតិដើមភាគតិចអាល់បានី ថែមទាំងមានសិទ្ធិបង្ហូតទង់ជាតិ នៃប្រទេសអាល់បានី ដែលគេអាចឃើញនៅតាមភូមិមួយចំនួន។
ប្រទេសម៉ាសេដូនីខាងជើង ធ្លាប់មានជម្លោះជាមួយក្រុមឧទ្ទាមជនជាតិភាគតិចអាល់បានី នៅឆ្នាំ២០០១។ ក្នុងជម្លោះនេះមនុស្ស ២០០នាក់បានស្លាប់ ក្នុងជម្លោះដែលមានរយៈពេល ០៦ខែ។ ជម្លោះនេះត្រូវបានបិទបញ្ចប់ ក្រោយមានកិច្ចព្រមព្រៀង អូរីដ (Ohrid) នៅខែសីហា ឆ្នាំ២០០១ ដែលបានផ្ដល់សិទ្ធិយ៉ាងធំធេងដល់ជនជាតិ ដើមភាគតិចអាល់បានី ក្នុងនោះរួមមានទាំងការបែងចែកអំណាច, ចូលរួមក្នុងវិស័យសាធារណៈ និងមានឋានៈជាផ្លូវការ សម្រាប់ភាសាអាល់បានីជាដើម។
៣៖ អន្តោប្រវេសន៍
ម៉ាសេដូនីខាងជើង គឺជាប្រទេសក្រីក្របំផុតមួយនៅក្នុងតំបន់អឺរ៉ុប ដោយប្រជាជនមានប្រាក់ខែជាមធ្យម ៤៧៥ដុល្លារ ហើយ ១៦ភាគរយនៃប្រជាជនសរុប គ្មានការងារធ្វើ និងភាគច្រើននៃអ្នកទាំងនេះ គឺជាយុវជន។ ដោយសារតែសេដ្ឋកិច្ចទន់ខ្សោយបែបនេះឯង បានបង្ខំឱ្យប្រជាជនម៉ាសេដូនីខាងជើងមួយចំនួន នាំគ្នាធ្វើចំណាកស្រុកទៅក្រៅប្រទេស ដើម្បីរកការងារធ្វើ ពោលគឺបើតាមធនាគារពិភពលោក ប្រជាជនកន្លះលាននាក់ ឬស្មើនឹងមួយភាគបួននៃប្រជាជនសរុប កំពុងរស់នៅឯក្រៅប្រទេស។
៤៖ រដ្ឋធានីបុរាណ
ស្កូបចេ (Skopje) ត្រូវបានគេចាត់ទុកថា ជារដ្ឋធានីបុរាណ និងមានប្រជាប្រិយភាពយ៉ាងខ្លាំង បន្ទាប់ពីរដ្ឋាភិបាលមុនៗ នាំគ្នាសាងសង់រូបសំណាកសម័យបុរាណ ព័ទ្ធជុំវិញរដ្ឋធានីមួយនេះ។ ក្នុងចំណោមសំណង់បុរាណទាំងនោះ ក៏មានរូបសំណាកអតីតអធិរាជ អេឡិចហ្សានដឺ ដឺ ហ្គ្រែត (Alexander the Great) ផងដែរហើយរូបសំណាកនេះត្រូវបានចាត់បញ្ចូល ទៅក្នុងផ្នែកមួយនៃប្រវត្តិសាស្ត្រ ហេឡេនិក (Hellenic) កាលពីឆ្នាំ២០១៨ បន្ទាប់ពីមានកិច្ចព្រមព្រៀងជាមួយក្រិក។
៥៖ ដែនដីឃ្មុំ
ក្នុងឆ្នាំ២០២០នេះ ប្រទេសម៉ាសេដូនីខាងជើង បានផលិតខ្សែភាពយន្តឯកសារប្រវត្តិសាស្ត្រ មានចំណងជើងថា Honeyland ដែលជាខ្សែភាពយន្ដទទួលបាន ពានរង្វាន់អូស្កា (Oscar) ទាំងផ្នែកឯកសារ និងភាពយន្ដបរទេស។ ភាពយន្ដឯកសារនេះត្រូវចំណាយពេលថត ០៣ឆ្នាំ និងដឹកនាំដោយផលិតករលោក ឡាជូបូ ស្ទេហ្វាណូវ (Ljubo Stefanov) និងលោកស្រី ថាំម៉ារ៉ា កូតេវស្កា (Tamara Kotevska)៕
ប្រភព៖ CNA (ថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២០)