(អានឆូរេច)៖ រដ្ឋអាឡាស្កា (Alaska) ដ៏ត្រជាក់របស់អាមេរិក ដែលមានប្រជាជនរស់នៅជាង ៧សែននាក់ បានរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន ១១៦ករណីដែលជាការឆ្លងច្រើនបំផុតប្រចាំថ្ងៃមិនធ្លាប់មាននោះឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២០។
តាមរបាយការណ៍របស់មន្ទីរសុខាភិបាល និងសេវាសង្គមអាឡាស្កាបានឱ្យដឹងថា កាលពីថ្ងៃសោរ៍សប្តាហ៍មុន អាជ្ញាធរបានរកឃើញករណីឆ្លងប្រចាំថ្ងៃថ្មីចំនួន ៧៧ករណី និងមួយថ្ងៃបន្ទាប់គឺថ្ងៃអាទីត្យ រដ្ឋអាឡាស្កាបានបំបែកកំណត់ត្រាខ្លួនឯង ដោយបានរកឃើញករណីឆ្លងថ្មីចំនួន ១១៦ករណី។
គួរបញ្ជាក់ថា នាពេលបច្ចុប្បន្នរដ្ឋអាឡាស្កាមានករណីឆ្លង COVID-19 សរុបចំនួន ១,៧៧៤ករណី ក្នុងនោះមនុស្ស ១៧នាក់បានស្លាប់ និង ៨៤៧នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ដោយឡែកនៅថ្ងៃដែល Alaska បំបែកកំណត់ត្រានោះ សហរដ្ឋអាមេរិកទាំងមូលមានអ្នកឆ្លង COVID-19 ថ្មីៗចំនួន ៥៩,៧៤៧នាក់ ធ្វើឱ្យករណីឆ្លងសរុបកើនដល់ ៣.៤លានករណី ក្នុងនោះស្លាប់ ១៣៧,៧៨២នាក់ និងជាសះស្បើយឡើងវិញ ១.៥លាននាក់៕