(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកកំពុងពិចារណាលើជម្រើស និងវិធានការមួយចំនួន ដើម្បីតតាំងជាមួយចិន ជុំវិញសំណុំរឿងទីក្រុងហុងកុង ខណៈភាពតានតឹងទំនាក់ទំនងនៃប្រទេសទាំង ២ កំពុងឡើងកម្ដៅកាន់តែខ្លាំង ដោយសារតែច្បាប់សន្តិសុខជាតិថ្មី។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២០។

បើតាមក្រុមមន្ត្រីអាមេរិក និងអ្នកវិភាគ ការចាត់វិធានការប្រឆាំងនឹង ប្រព័ន្ធសេដ្ឋកិច្ចទីក្រុងហុងកុង ក៏អាចនឹងបង្កផលប៉ះពាល់ដល់សហរដ្ឋអាមេរិក បណ្ដាប្រទេសលោកខាងលិច និងក្រុមហ៊ុនទាំងឡាយ នៅក្នុងទីក្រុងហុងកុងផងដែរ។ បន្ថែមពីលើនេះ វិធានការដែលកំពុងស្ថិតនៅក្នុងការពិចារណារបស់សេតវិមាន ក្នុងនោះរួមមានទាំងការដាក់ទណ្ឌកម្មលើក្រុមមន្ត្រីចិន ក៏ដូចជាប្រឆាំងនឹងផលិតផលផលិតនៅក្នុងទីក្រុងហុងកុង ត្រូវបានក្រុមអ្នកជំនាញមើលឃើញថា អាចនឹងជះឥទ្ធិពលតិចតួចប៉ុណ្ណោះ ដល់ការធ្វើសមារណកម្មនយោបាយ និងប្រព័ន្ធសន្តិសុខរបស់ទីក្រុងហុងកុង ដោយទីក្រុងប៉េកាំង។

គួរជម្រាបថា កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ក្រុមមន្ត្រីរដ្ឋបាលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានពិភាក្សាគ្នាលើសំណុំរឿងទីក្រុងហុងកុង និងគ្រោងបើកកិច្ចពិភាក្សាជាថ្មីម្ដងទៀត នៅក្នុងសប្ដាហ៍នេះ ហើយពួកគេអាចនឹងប្រកាសដាក់ទណ្ឌកម្ម ឬវិធានការនានាផងដែរ។ ប៉ុន្តែ ទីក្រុងប៉េកាំងធ្លាប់បានព្រមានជាច្រើនលើករួចហើយថា ខ្លួនត្រៀមខ្លួនជាស្រេចដើម្បីចាត់វិធានការឆ្លើយតប៕