(កាលីហ្វរ័ញ៉ា)៖ នាវាដឹកយន្តហោះចម្បាំងមួយគ្រឿង នៃកងទ័ពជើងអាមេរិក ដែលស្ថិតនៅក្នុងមូលដ្ឋានទ័ពជើងទឹកទីក្រុង សានឌីហ្គោ (San Diego) ភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា បានឆាបឆេះ និងបង្កឲ្យមនុស្ស ២១នាក់រងរបួស។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២០។

នាវាដឹកយន្តហោះចម្បាំងដែលខាងលើនេះមានឈ្មោះថា USS បុនហូម រីឆាដ (Bonhomme Richard) បានរងការឆាបឆេះខណៈនាវិកសរុប ១៦០នាក់កំពុងស្ថិតនៅលើនោះ។ សំណាងល្អដែលការពន្លត់ និងជម្លៀសមនុស្សចេញ ត្រូវបានធ្វើឡើងទាន់ពេល ទើបមិនបានបង្កឲ្យមនុស្សណាម្នាក់ រងគ្រោះថ្នាក់ដល់បាត់បង់ជីវិត។

គួរបញ្ជាក់ថា ក្នុងចំណោមអ្នករងរបួសទាំង ២១នាក់នោះគឺ ១៧នាក់ជានាវិក និង ០៤នាក់ទៀតជាជនស៊ីវិល ហើយពួកគេទាំងអស់ មិនមានគ្រោះថ្នាក់ដល់ជីវិតឡើយ។ សម្រាប់ការឆាបឆេះនេះដែរ បានកើតមានឡើង អំឡុងពេលដែលនាវាដឹកយន្តហោះចម្បាំង USS Bonhomme Richard កំពុងស្ថិតនៅក្នុងការ Upgrade សមត្ថភាព ដើម្បីឲ្យវាអាចផ្ទុកនាវិករហូតដល់ទៅ ១,០០០នាក់។

យ៉ាងណាក៏ដោយ ទិដ្ឋភាពនៃការឆាបឆេះខាងលើនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះសាក្សីដែលបានឃើញហេតុការណ៍នេះ បានឲ្យដឹងថា ពីដំបូងឡើយមានសំឡេងផ្ទុះយ៉ាងខ្លាំងបានបន្លឺឡើង ហើយមួយសន្ទុះក្រោយមក ផ្សែងក៏ហុយខ្មួលខ្មាញ់ចេញតំបន់កំពង់ផែតែម្តង៕