(តូក្យូ)៖ ក្នុងសប្តាហ៍នេះ ជប៉ុនទើបតែបានប្រកាសពីផែនការ ផលិតយន្តហោះចម្បាំងបំបាងកាយជំនាន់ថ្មី ដើម្បីជំនួសយន្តហោះចម្បាំង F-2 ដែលត្រូវបានប្រើប្រាស់ជាច្រើនឆ្នាំមកហើយនោះ នៅទសវត្សរ៍ខាងមុខ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNN នៅថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២០។
ក្រសួងការពារជាតិជប៉ុនក្នុងសប្តាហ៍នេះ បានប្រាប់ទៅកាន់សមាជិកសភានៃប្រទេសជប៉ុនថា បើតាមគម្រោង យន្តហោះចម្បាំងជំនាន់ ទី៦ (បច្ចុប្បន្នយន្តហោះចម្បាំងជំនាន់ថ្មីបំផុត គឺជំនាន់ទី៥) នឹងត្រូវចាប់ផ្តើមការផលិតនៅឆ្នាំសារពើពន្ធ២០៣១ ហើយពួកវានឹងជំនួស ក្រុមយន្តហោះចម្បាំង F-2 ដែលជប៉ុនមានជិត១០០គ្រឿង។ F-2 ជាយន្តហោះចម្បាំងជំនាន់ទី៤ របស់ជប៉ុន ដែលត្រូវបានផលិតឡើង ដោយយកគំរូតាមយន្តហោះចម្បាំង F-16 របស់អាមេរិក។
គួរជម្រាបថា យន្តហោះចម្បាំងជប៉ុន F-2 ដែលបានធ្វើការហោះហើរដំបូងតាំងតែពីឆ្នាំ១៩៩៥ រួមជាមួយយន្តហោះចម្បាំង F-15J គឺជា ឆ្អឹងខ្នងនៃសមត្ថភាពការពារដែនអាកាសរបស់ប្រទេសជប៉ុន។ ប៉ុន្តែគេមើលឃើញថា វាត្រូវការការធ្វើទំនើបកម្ម ជាពិសេសចំពោះមុខ ភាពជឿនលឿននៃយន្តហោះចម្បាំងស៊េរីថ្មីៗរបស់ចិន ដូចជាយន្តហោះចម្បាំងបំបាំងកាយ J-20 ជាដើម៕