(វ៉ាស៊ីនតោន)៖ អ្នកជំនាញផ្នែកជំងឺឆ្លងរបស់សហរដ្ឋអាមេរិក បានគូសបញ្ជាក់នៅថ្ងៃសុក្រម្សិលមិញសប្តាហ៍នេះថា ជំងឺ COVID-19 ទំនងជាអាចឆ្លងតាមខ្យល់អាកាស នៅក្នុងកម្រិតខ្លះប៉ុណ្ណោះ។ ការលើកឡើងនេះត្រូវបានធ្វើឡើងតែ ១ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអង្គការសុខភាពពិភពលោក (WHO) បានជំរុញឱ្យមានការសិក្សាបន្ថែមទៀត ពីរបៀបនៃការឆ្លង COVID-19 ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន CNA នៅរសៀលថ្ងៃសៅរ៍ ទី១១ ខែកក្កដា ឆ្នាំ២០២០។
លោក អាន់ថូនី ហ្វូស៊ី (Anthony Fauci) ប្រធានវិទ្យាស្ថានអាឡែរហ្សី និងជំងឺឆ្លងអាមេរិកបាននិយាយតាមសន្និសីទវីដេអូ (Video Conference) ដែលរៀបចំដោយក្រុមជំនួយអន្តរជាតិ IAS (International AIDS Society) ថា COVID-19 អាចឆ្លងតាមខ្យល់អាកាស ប៉ុន្តែទំនងជានៅមានកម្រិតនៅឡើយ។
លោក Fauci កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះក៍បានបញ្ជាក់ដែរថា «ការលើកឡើងនេះសមហេតុផល ដែលថា COVID-19 អាចឆ្លងតាមខ្យល់អាកាស តែទោះជាយ៉ាងណាការសន្និដ្ឋាននេះ មិនទាន់មានភស្តុតាងគ្រប់គ្រាន់នៅឡើយទេ ដូច្នេះហើយ ទើបអង្គការសុខភាពពិភពលោក ជំរុញឱ្យមានការសិក្សាបន្ថែមទៀត ទៅលើបញ្ហានេះ។ លោក Fauci បានបន្តទៀតថា ដើម្បីប្រយុទ្ធប្រឆាំងនឹង COVID-19 ដែលកំពុងរាតត្បាតជាសកល យើងចាំបាច់ត្រូវអភិវឌ្ឍវ៉ាក់សាំង ឱ្យបានច្រើនប្រភេទ។ លើសពីនេះទៅទៀត ក្រុមហ៊ុនអភិវឌ្ឍវ៉ាក់សាំងទាំងអស់ ត្រូវត្រៀមវ៉ាក់សាំងរាប់រយលានដូស នៅដើមឆ្នាំក្រោយ និងឱ្យបាន ១ពាន់លានដូសក្នុងករណីពិសេស៕