(អាមេរិក)៖ នៅទីបំផុតយានរុករកភពអង្គារថ្មី ភើសេវើរែន (Perseverance) ត្រូវបានក្រុមជំនាញអង្គការ NASA បំពាក់ទៅក្នុងក្បាលគ្រាប់រ៉ុក្កែត Atlas V រួចជាស្រេចហើយ ដើម្បីត្រៀមខ្លួនក្នុងការបាញ់បង្ហោះវា នៅថ្ងៃទី៣០ ខែកក្កដា។ នេះបើតាមការចេញផ្សាយដោយ BBC នៅព្រឹកថ្ងៃសៅរ៍ ទី១១ ខែកក្កដា ឆ្នាំ២០២០។
ផ្នែកក្បាលនៃគ្រាប់រ៉ុក្កែត Atlas V របស់ក្រុមហ៊ុន United Launch Aliance ត្រូវបានបំពេញដោយយាន Perseverance ដើម្បីត្រៀមបាញ់បង្ហោះចេញពីមូលដ្ឋានទ័ពអាកាស ខេបខាណាវែវ៉ាល់ (Cape Canaveral) នៃរដ្ឋផ្លូរីដា ភាគអាគ្នេយ៍សហរដ្ឋអាមេរិក។ ក្រោយការបាញ់បង្ហោះយាន Perseverance នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ យាននេះត្រូវបានកំណត់ថា នឹងទៅភពអង្គារនៅអំឡុងខែកុម្ភៈ ឆ្នាំ២០២១។
គួរបញ្ជាក់ថា យាន Perseverance គឺស្ថិតនៅក្នុងបេសកកម្មបន្តពីយាន ឃារីយ៉ូស៊ីតធី (Curiosity) របស់អង្គការ NASA ដូចគ្នា ដែលបានធ្វើការស្រាវជ្រាវភពអង្គារ អស់ជិតមួយទសវត្សរ៍ទៅហើយនោះ។ Perseverance នឹងអាចស្វែងរកដាននៃជីវិត ដែលអាចកើតមានកាលពីអតីតកាលលើភពអង្គារ តាមរយៈការជីកយកគំរូតាង ជាដី ឬដុំថ្ម ដើម្បីដឹកបញ្ជូនមកកាន់ភពផែនដីវិញ។
បន្ថែមពីខាងលើនេះ Perseverance ក៏នឹងនាំយកឧទ្ធម្ភាគចក្រតូចមួយ ទៅជាមួយវាផងដែរ ដើម្បីធ្វើតេស្ត ហោះហើរក្នុងបរិយាកាសដ៏ស្តើងនៃភពអង្គារ៕