(ស៊ីដនី)៖ រដ្ឋដែលមានប្រជាជនច្រើនបំផុតលំដាប់ទី ២ របស់អូស្ត្រាលីគឺវិចតូរៀ (Victoria) នៅព្រឹកថ្ងៃសៅរ៍ ទី១១ ខែកក្កដានេះ បានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ក្នុងអត្រាមួយដ៏ខ្ពស់បំផុតមិនធ្លាប់ជួបប្រទះ ខណៈអាជ្ញាធរបានព្រមានថា ស្ថានការណ៍ដ៏អាក្រក់នេះនឹងនៅតែបន្តអូសបន្លាយយូរទៅមុខទៀត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA។
អាជ្ញាធររដ្ឋវិចតូរៀនៅថ្ងៃសៅរ៍នេះបានរាយការណ៍ថា មានករណីឆ្លង COVID-19 ថ្មីៗប្រចាំថ្ងៃចំនួន ២១៦ករណីបន្ថែមទៀត ប៉ុន្តែវានៅតែទាបជាងតួលេខថ្ងៃមុនបន្តិច។ ទោះបែបនេះក្តី វានៅតែជាតួលេខដ៏ខ្ពស់បំផុតមួយដដែល បើរាប់ចាប់តាំងពីមានករណីផ្ទុះជំងឺសកលនេះ នៅលើទឹកដីអូស្ត្រាលី។
ប្រធានរដ្ឋបាលនៃរដ្ឋវិចតូរៀ លោក ដានីញែល អាន់ឌ្រូ (Daniel Andrews) បានថ្លែងប្រាប់អ្នកសារព័ត៌មានថា «ស្ថានការណ៍នឹងកាន់តែអាក្រក់ទៅៗ មុនពេលវាអាចត្រឡប់មកប្រសើរវិញ។ យើងនឹងមានករណីឆ្លងថ្មីៗកាន់តែច្រើនបន្ថែមទៀត។ រឿងនេះនឹងនៅជាមួយយើងរាប់ខែទៀត»។
គួរបញ្ជាក់ថា នៅចំពោះស្ថានការណ៍នេះ អាជ្ញាធរទីក្រុងមែលប៊ន នៃរដ្ឋវិចតូរៀ បានសម្រេចអនុវត្តឡើងវិញ នូវវិធានការបិទខ្ទប់ប្រទេស ឬហៅថា lockdown នៅក្នុងសប្តាហ៍នេះតែម្តង សម្រាប់រយៈពេល ០៦សប្តាហ៍ ខណៈពេលដែលក្តីបារម្ភជុំវិញ មានការផ្ទុះករណីឆ្លងរលកទី ២ នៅក្នុងកម្រិតសហគមន៍៕