Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្អូនស្រីលោក គីម ជុងអ៊ុន បញ្ជាក់ច្បាស់ៗថា «គ្មានប្រយោជន៍» ដែលត្រូវបើកកិច្ចប្រជុំជាមួយអាមេរិកជាថ្មី (Video inside)

10-07-2020 11:18

(ព្យុងយ៉ាង)៖ ប្អូនស្រីបង្កើតរបស់មេដឹកនាំកូរ៉េខាងជើង គឺលោកស្រី គីម យ៉ូចុង (Kim Yo-jong) នៅថ្ងៃសុក្រនេះបានគូសបញ្ជាក់ថា ការបើកកិច្ចប្រជុំកំពូលថ្មីមួយទៀត ជាមួយសហរដ្ឋអាមេរិកគឺជា «រឿងមិនចាំបាច់» និង «គ្មានប្រយោជន៍» ទាល់តែសោះសម្រាប់ប្រទេសកូរ៉េខាងជើង ដរាបណាក្រុងវ៉ាស៊ីនតោន នៅតែមិនព្រមផ្លាស់ប្តូរជំហរចរចាររបស់ខ្លួនទេនោះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Yonhap នាព្រឹកថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២០។

ការកត់សម្គាល់របស់ស្រ្តីដ៏មានឥទ្ធិពល ប្រចាំប្រទេសកូរ៉េខាងជើងខាងលើនេះ ត្រូវបានធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានព្រលយពាក្យថា លោកនឹងបើកកិច្ចប្រជុំកំពូលជាថ្មីម្តងទៀត ជាមួយកូរ៉េខាងជើងប្រសិនបើលោកគិតថា កិច្ចប្រជុំនោះនឹងមានប្រយោជន៍។

ឆ្លើយតបនឹងការលើកឡើងនេះ លោកស្រី គីម យ៉ូចុង បានលើកឡើងតបវិញយ៉ាងដូច្នេះថា «តាមកំគិតផ្ទាល់របស់ខ្ញុំ ជំនួបកំពូលណាមួយ រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង នឹងមិនអាចកើតឡើងនៅឆ្នាំនេះទេ»។ លោកស្រី គីម បានសង្កត់ធ្ងន់ថា «ដរាបណាក្រុងវ៉ាស៊ីនតោន នៅតែមិនព្រមផ្លាស់ប្តូររបៀបចរចារបស់ខ្លួនទេ នោះកិច្ចប្រជុំកំពូលរវាងអាមេរិក និងកូរ៉េខាងជើងគឺជារឿងមិនចាំបាច់ និងគ្មានប្រយោជន៍ទាល់តែសោះ ដែលត្រូវតែធ្វើឡើងម្តងទៀតនោះ»

ទោះជាយ៉ាងណា លោកស្រី គីម យ៉ូចុង បានបកស្រាយវិញថា ទាំងនេះមិនមែនមានន័យថា កូរ៉េខាងជើងនឹងមិនលុបបំបាត់អាវុធនុយក្លេអ៊ែនោះឡើយ ប៉ុន្តែវាគ្រាន់តែមិនទាន់ដល់ ពេលវេលារបស់វាប៉ុណ្ណោះ។ ទន្ទឹមនឹងនោះ លោកស្រីក៏បានអំពាវនាវឲ្យសហរដ្ឋអាមេរិក បោះបង់ចោលនូវ «គោលនយោបាយអរិភាព» មកលើកូរ៉េខាងជើងជាបន្ទាន់ បើចង់ឃើញដំណើរការ នៃការលុបបំបាត់អាវុធនុយក្លេអ៊ែរកើតឡើងមែននោះ៕