(អាមេរិក)៖ អ្នកសិក្សាកម្រោងពិតជាព្រួយបារម្ភមិនស្ទើរនោះឡើយ ចំពោះផលប៉ះពាល់នៃជំងឺឆ្លង COVID-19 លើផែនដី ដែលកំពុងបង្កការខាងបង់លើគ្រប់វិស័យ។ ប៉ុន្តែសំណាងល្អនៅក្នុងសប្តាហ៍នេះ អង្គការ NASA ទើបតែសម្រេចយ៉ាងច្បាស់លាស់ថា បេសកកម្មទៅស្រាវជ្រាវអាចម៍ផ្កាយចម្លែក ផ្សាយឃី ១៦ (16 Psyche) នឹងបន្តទៅតាមការគ្រោងទុកនៅឆ្នាំ២០២២ ខាងមុខនេះ។ នេះបើតាមការដកស្រង់ពី Space នាព្រឹកថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២០។
បេសកកម្ម Psyche នឹងត្រូវទៅស្រាវជ្រាវលើអាចម៍ផ្កាយមានទំហំមុខកាត់ ២២៥គីឡូម៉ែត្រមួយនេះ ដែលត្រូវបានគេដឹងថា ពោពេញទៅដោយលោហៈធាតុ។ គម្រោងយានបំពេញបេសកកម្ម Psyche Mission ទើបតែបញ្ចប់ការត្រួតពិនិត្យលម្អិត (critical design review ឬ CDR) អំពីសមត្ថភាពរបស់វាជារួម។ អំឡុងការត្រួតពិនិត្យ CDR អង្គការ NASA បានធ្វើការអង្កេតលើគម្រោងផលិតយាន Psyche probe ដើម្បីស្វែងយល់អំពីប្រព័ន្ធដំណើរការទូទៅ និងប្រព័ន្ធជំនួយយាន ចាប់តាំងពីឧបករណ៍វិទ្យាសាស្ត្រ ទំនាក់ទំនង និងថាមពល។
នាយកគ្រប់គ្រងការត្រួតពិនិត្យគំរោងខាងលើនេះគឺលោកស្រីបណ្ឌិត លីនឌី អ៊ែលឃីនស៍ តានថុន (Lindy Elkins-Tanton) មកពីសាកលវិទ្យាល័យអារីហ្សូណា សហរដ្ឋអាមេរិក ផ្នែកសិក្សាអន្តរភព បានលើកឡើងយ៉ាងដូច្នេះថា «វាជាការត្រួតពិនិត្យដ៏ខ្លាំងក្លាបំផុតមួយ សម្រាប់បេសកកម្មពេញមួយវដ្តជីវិតរបស់វាតែម្តង។ បញ្ហាប្រឈមចំពោះមុខនៅមិនទាន់ចប់ទេ ហើយយើងក៏មិនទាន់ឈានដល់ទីបញ្ចប់ដែរ ប៉ុន្តែយើងកំពុងតែប្រឹងប្រែងយ៉ាងមុតមាំ»។
គួរបញ្ជាក់ថា បេសកកម្ម Psyche Mission មានតម្លៃសរុប ៨៥០លានដុល្លារអាមេរិក នឹងត្រូវបំពាក់លើគ្រាប់រ៉ុក្កែត Falcon Heavy របស់ SpaceX ដើម្បីនាំយកទៅទីអវកាសនៅខែសីហា ឆ្នាំ២០២២។ Psyche Probe នឹងឆ្លងកាត់ភពអង្គារនៅខែឧសភា ឆ្នាំ២០២៣ រួចទើបបន្តទៅដល់គន្លងគោចររបស់អាចម៍ផ្កាយ 16 Psyche នៅឆ្នាំ២០២៦។
16 Psyche ស្ថិតនៅតំបន់ខ្សែក្រវ៉ាត់អាចម៍ផ្កាយ (Asteroid Belt) ដែលស្ថិតនៅចន្លោះភពអង្គារ និងភពព្រហស្បតិ៍។ 16 Psyche ស្ថិតនៅចម្ងាយជាមធ្យម ៤៥០លានគីឡូម៉ែត្រពីព្រះអាទិត្យ និងត្រូវការពេលរហូតដល់ ១,៨២៣ថ្ងៃនៃពេលវេលាលើផែនដី ដើម្បីគោចរបានមួយជុំវិញព្រះអាទិត្យ ឬស្មើនឹងមួយឆ្នាំរបស់វា។ កន្លងមកនេះយានឈ្មោះ Dawn ក៏ធ្លាប់បានធ្វើការសិក្សាលើភពតូចៗ Vesta និង Ceres ផងដែរ នៅតំបន់ Asteroid Belt ប៉ុន្តែពួកវាធំៗជាង 16 Psyche ឆ្ងាយ។
Psyche Mission នឹងក្លាយជាបេសកកម្មដំបូងបង្អស់ ក្នុងការស្រាវជ្រាវលើអាចម៍ផ្កាយ ដែលពោពេញដោយលោហៈធាតុដែក ជាជាងការសិក្សាអំពីថ្ម និងទឹកកកនៅលើខ្លួនវា។ ជាធម្មតានៅក្នុងស្រទាប់ជ្រៅៗ ឬក៏ស្នូលនៃភពផែនដី និងភពផ្សេងៗទៀត គឺសុទ្ធតែជាវត្ថុរឹង និងដែកតែម្តង ដោយមិនមែនស្ថិតនៅក្រៅ ឬពេញមួយតួខ្លួនដូច 16 Psyche នេះឡើយ។ ដូច្នេះវានឹងក្លាយជាការស្វែងយល់មួយដ៏សំខាន់ ទៅដល់់ការកកើតភពនានា និងប្រព័ន្ធព្រះអាទិត្យទាំងមូល៕