(វ៉ាស៊ីនតោន)៖ រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បានគូសបញ្ជាក់នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា សហរដ្ឋអាមេរិកមានក្តីសង្ឃឹមយ៉ាងខ្លាំង ក្នុងការបន្តកិច្ចពិភាក្សា ជាមួយកូរ៉េខាងជើងនៅគ្រប់កម្រិត ទោះបីជាប្រទេសមួយនេះ បានបង្ហាញពីការមិនចង់ចូលតុចរចា ជាមួយខ្លួនសាជាថ្មីក៏ដោយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នាព្រឹកថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២០។
នៅពេលត្រូវអ្នកសារព័ត៌មានសួរថា តើកិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងជើង ថ្មីមួយទៀតអាចនឹងកើតឡើងនៅមុនការបោះឆ្នោតប្រធានាធិបតីអាមេរិក នាខែវិច្ឆិកាខាងមុខនេះដែរឬទេ លោក Mike Pompeo បានឆ្លើយតបវិញយ៉ាងដូច្នេះថា «យើងសង្ឃឹមថា យើងនឹងអាចបន្តការសន្ទនាជាមួយកូរ៉េខាងជើង បើទោះបីជាស្ថិតក្នុងកម្រិតណាក៏ដោយ»។
ទោះជាយ៉ាងណា ប្រមុខការបរទេសសហរដ្ឋអាមេរិករូបនេះ មិនបានបញ្ជាក់ច្បាស់ពីពេលវេលា និងទីតាំងនៃកិច្ចប្រជុំនោះឡើយ។ លោក Pompeo បានសង្កត់ធ្ងន់ថា «ចំពោះចម្លើយថា អ្នកណា របៀបណា និងវេលាណានោះ ខ្ញុំមិនទាន់អាចនិយាយនៅថ្ងៃនេះបានទេ»។
គួរជម្រាបថា កាលពីដើមសប្តាហ៍នេះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានលើកឡើងថា លោកបើកចំហជានិច្ច ចំពោះកិច្ចប្រជុំកំពូល ជាមេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ូន។ ទោះជាបែបនេះក្តី កូរ៉េខាងជើងកាលពីថ្ងៃពុធសប្តាហ៍នេះ បានបញ្ជាក់ជំហរជាថ្មីម្ដងទៀតថា ខ្លួនគ្មានអារម្មណ៍ជួបចរចា ជាមួយសហរដ្ឋអាមេរិកនោះទេ បើទោះជាលោកត្រាំ ចង់មានកិច្ចប្រជុំកំពូលជាមួយលោក គីម ជុងអ៊ុន ជាថ្មីម្ដងទៀតក៏ដោយ៕