(តៃប៉ិ)៖ សហរដ្ឋអាមេរិកបានយល់ព្រមជាផ្លូវការហើយ ក្នុងជួយអភិវឌ្ឍសមត្ថភាព គ្រាប់មីស៊ីលផាទ្រីយ៉ូត (Patriot) សម្រាប់វាយប្រហារពីផ្ទៃដីទៅលើអាកាស ឲ្យកោះតៃវ៉ាន់ ដែលប្រការនេះនឹងធ្វើឲ្យស្ថានការណ៍ នៅតំបន់អាស៊ីបូព៌ាកាន់តែតានតឹង។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២០។
ព័ត៌មានខាងលើនេះ គឺត្រូវបានបញ្ចេញដោយក្រសួងការបរទេសអាមេរិក ខណៈក្រុមអ្នកតាមដានស្ថានការណ៍បានមើលឃើញថា វាយនឹងក្លាយជាការដុតកម្តៅបន្ថែមទៀត លើទំនាក់ទំនងកាន់តែយ៉ាប់យ៉ឺនរវាង សហរដ្ឋអាមេរិក និងមហាយក្សចិន ខណៈកោះតៃវ៉ាន់ត្រូវបានបាត់ទុកថា ត្រឹមតែជាខេត្តមួយរបស់ចិននោះ។
គួរបញ្ជាក់ថា កោះតៃវ៉ាន់បានស្នើសុំទិញគ្រឿងបរិក្ខាមួយចំនួន ដើម្បីបង្កើនសមត្ថភាពប្រព័ន្ធមីស៊ីល Patriot ដើម្បីឲ្យវាអាចបន្តរក្សាជីវិតបាន ៣០ឆ្នាំទៀត។ ក្រុមហ៊ុនផលិតសព្វាវុធអាមេរិក ឡុកឃីដម៉ាទីន (Lockheed Martin) បានគណនាថា ការចង់បានរបស់កោះតៃវ៉ាន់ខាងលើនេះ នឹងត្រូវចំណាយយ៉ាងហោចណាស់ ៦២០លានដុល្លារ។ ក្រសួងការពារជាតិនៃកោះតៃវ៉ាន់ បានបង្ហើបឲ្យដឹងថា ការលក់ទំនិញពីអាមេរិក នឹងអាចធ្វើឡើងនៅខែសីហាខាងមុខនេះ៕