Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កងកម្លាំងជប៉ុនបន្តសង្គ្រោះប្រជាជនពីគ្រោះទឹកជំនន់ និងការបាក់ដី ចំពោះមុខការភ័យខ្លាចឆ្លង COVID-19 (Video inside)

09-07-2020 10:33

(តាកាយ៉ាម៉ា)៖ ក្រុមសង្រ្គោះបន្ទាន់ និងកងកម្លាំងស្វ័យការពារជប៉ុនរាប់ម៉ឺននាក់ នៅថ្ងៃព្រហស្បតិ៍នេះកំពុងតែមមាញឹក ក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាជន ដែលកំពុងរងគ្រោះដោយសារទឹកជំនន់ និងការរអិលបាក់ដី ខណៈមនុស្សរាប់សិបនាក់រួចទៅហើយបានស្លាប់ និងហេដ្ឋារចនាសម្ព័ន្ធនានា បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ នៅតំបន់ភាគខាងលិច និងភាគនិរតីប្រទេស។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែកក្កដា ឆ្នាំ២០២០។

ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជប៉ុនបានឲ្យដឹងថា លំនៅឋានប្រមាណជាង ៣,០០០ខ្នងត្រូវបានហូរច្រោះដោយសារជំនន់ទឹកភ្លៀង ឬផ្លូវដែលត្រូវបានបំផ្លាញ ដោយសារការរអិលបាក់ដីនៅភាគនិរតីនៃតំបន់ គូម៉ាម៉ូតុ (Kumamoto) ដែលបាននិងកំពុងរងផលប៉ះពាល់ខ្លាំងជាងគេ។ បន្ថែមពីនេះ ទីភ្នាក់ងារឧតុនិយមជប៉ុនហៅកាត់ថា JMA បានគូរបញ្ជាក់ថា ព្យុះភ្លៀងអាចនឹងបន្តវាយលុករហូតដល់ថ្ងៃទី១២ ខែកក្កដា ទៅលើតំបន់ជាច្រើននៅទូទាំងប្រទេសជប៉ុន ហើយអាជ្ញាធរក៏បានអំពាវនាវផងដែរ ឱ្យប្រជាជនមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការកើតមានគ្រោះរអិលបាក់ដី និងទឹកជំនន់នៅតំបន់វាលទំនាប។

JMA បានចេញបទបញ្ជាជាលើកទី ២ ដើម្បីជម្លៀសប្រជាជនច្រើនជាង ៤៥០,០០០នាក់។ ទោះជាយ៉ាងនេះក្តី ប្រជាជនជប៉ុនភាគច្រើន មិនព្រមជម្លៀសទៅទីរកជម្រកសុវត្ថិភាពឡើយ ដោយសារតែពួកគេភ័យខ្លាចឆ្លងជំងឺ COVID-19។

គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ មនុស្សសរុប ៥៥នាក់ហើយត្រូវបានគេអះអាងថាស្លាប់ ដោយឡែកមនុស្ស ០៤នាក់ទៀតដែលកំពុងបាត់ខ្លួន ក៏ត្រូវបានគេសន្មត់ថាស្លាប់។ ០៥ថ្ងៃ បន្ទាប់ពីត្រូវបានជាប់គាំងដោយទឹកជំនន់ និងការរអិលបាក់ដី កងកម្លាំងជប៉ុន អាចចូលទៅជួយសង្គ្រោះអ្នកស្រុកបានប្រហែល ៤០នាក់ពីក្នុងភូមិមួយក្នុងតំបន់ Kumamoto។ លោកយាយ គីនុយ៉ូ ណាកាមូរ៉ា (Kinuyo Nakamura) វ័យ ៦៨ឆ្នាំ បានរៀបរាប់ប្រាប់ទូរទស្សន៍ NHK ទាំងទឹកភ្នែកយ៉ាងដូច្នេះថា «ខ្ញុំធ្លាប់ឆ្លងកាត់គ្រោះមហន្តរាយទឹកជំនន់ ជាលើកមកហើយ ប៉ុន្តែលើកនេះវាពិតជាគួរឱ្យខ្លាចខ្លាំងណាស់»

គួរបញ្ជាក់ថា ប្រទេសជប៉ុនបានដាក់ពង្រាយក្រុមជួយសង្គ្រោះ យ៉ាងហោចណាស់ ៨ម៉ឺននាក់ និងកងកម្លាំងស្វ័យការពារចំនួន ១ម៉ឺននាក់ផ្សេងទៀត។
ការជួយសង្គ្រោះគឺមានភាពស្មុគស្មាញខ្លាំងណាស់ ដោយសារហានិភ័យពីការឆ្លង COVID-19។ ជាក់ស្តែងទីសុវត្ថិភាពជាច្រើន បានកាត់បន្ថយចំនួនមនុស្ស ដើម្បីរក្សាគម្លាតសុវត្ថិភាព ខណៈមនុស្សជាច្រើនបានបង្ហាញភាព រួញរាក្នុងការស្ម័គ្រចិត្ត ដើម្បីចូលជួយសង្គ្រោះអ្នកដទៃ ដោយសារតែការភ័យខ្លាចឆ្លង COVID-19 ដែលនឹងនាំឲ្យអ្វីៗកាន់តែលំបាកថែមមួយកម្រិតទៀតនោះ៕