(លីម៉ា)៖ កងទ័ពអាកាសប៉េរូ (FAP) នៅថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅទីក្រុងលីម៉ា) បានរកឃើញកន្លែងដែលឧទ្ធម្ភាគចក្រយោធា MI-17 បានធ្លាក់ និងផ្តាច់ជីវិតមនុស្ស ០៧នាក់នោះហើយ ក្រោយពីវាបានបាត់ដំណឹងនៅព្រៃអាម៉ាហ្សូន (Amazon) ក្នុងទឹកដីប៉េរូ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែកក្កដា ឆ្នាំ២០២០។
ក្រុមសង្គ្រោះនៃ FAP បានតាមរកឧទ្ធម្ភាគចក្រខាងលើនេះជាងមួយថ្ងៃ ដោយនៅទីបំផុតគេបានរកឃើញ MI-17 នៅក្បែរសហគមន៍មួយឈ្មោះ ជីចា (Chija) នៃខេត្តបាក្វា (Bagua) ភាគខាងជើងប្រទេសប៉េរូ និងជាតំបន់លាតសន្ធឹងនៃព្រៃអាម៉ាហ្សូនផងដែរ។ បើតាមមន្ត្រី FAP ក្នុងចំណោមអ្នកស្លាប់ទាំង ០៧នាក់នោះគឺ ០៣នាក់ជាអ្នកដំណើរ និង ០៤នាក់ទៀតជាសហសេវិក។
គួរបញ្ជាក់ថា ក្រោយពីបានដឹងហេតុការណ៍ខាងលើនេះ ប្រធានាធិបតីប៉េរូលោក ម៉ាទីន វីស្ការ៉ា (Martin Vizcarra) បានសម្តែងនូវសមានទុក្ខជូនដល់ ក្រុមគ្រួសារជនរងគ្រោះទាំងអស់ផងដែរ។ ឧទ្ធម្ភាគចក្រខាងលើនេះ ត្រូវបានបញ្ជូនដើម្បីផ្តល់ជំនួយទៅកាន់សហគមន៍ដាច់ស្រយាល នៅក្នុងព្រៃអាម៉ាហ្សូន ដែលអាចធ្វើឡើងតាមផ្លូវអាកាសតែមួយគត់។ ដោយឡែកមូលហេតុធ្លាក់ MI-17 គឺកំពុងស្ថិតក្នុងការស៊ើបអង្កេត៕