(ព្រុចសែល)៖ នៅទីបំផុតគណៈកម្មការអឺរ៉ុប បានសម្រេចកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផលិតឱសថ រ៉ូឆេ (Roche) និង មើកខេហ្គាអា (Merck KGaA) ដើម្បីផ្គត់ផ្គង់ថ្នាំសង្កូវនានា ដែលអាចព្យាបាលអ្នកជំងឺ COVID-19។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នាល្ងាចថ្ងៃពុធ ទី០៨ ខែកក្កដា ឆ្នាំ២០២០។
ព័ត៌មានខាងលើនេះ គឺមានប្រភពពីមន្ត្រីគណៈកម្មការអឺរ៉ុបម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ទីភ្នាក់ងាររបស់ Reuters។ ប្រភពដដែលបានបន្តទៀតថា គណៈប្រតិបត្តិនៃសហភាពអឺរ៉ុប (EU) បានព្រមព្រៀងក្នុងការទិញថ្នាំសង្កូវ ដែលអាចព្យាបាលជំងឺ COVID-19 ពីក្រុមទាំងពីរខាងលើនេះ សម្រាប់ផ្គត់ផ្គង់ដល់សមាជិកទាំង ២៧ប្រទេសរបស់ខ្លួន នៅក្នុងករណីដែលពួកគេបញ្ជាទិញ។
គួរបញ្ជាក់ថា មន្ត្រីគណៈកម្មការអឺរ៉ុបខាងលើនេះ មិនបានបញ្ជាក់អ្វីលម្អិតបន្ថែមនោះឡើយ ឬសូម្បីតែលក្ខខណ្ឌនៃកិច្ចព្រមព្រៀង ព្រោះតែវាជារឿងរសើបមួយ។ ដោយឡែកភ្លាមៗបែបនេះ អ្នកសារព័ត៌មានក៏មិនទាន់អាចសុំការបកស្រាយពីសំណាក់ក្រុមហ៊ុន Roche និង Merck KGaA នោះដែរ។ Roche គឺជាក្រុមហ៊ុនផលិត និងស្រាវជ្រាវឱសថដ៏ធំមួយរបស់ស្វីស ខណៈ Merck KGaA ជារបស់អាល្លឺម៉ង់៕