Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

WHO បញ្ជាក់៖ «វីរុសកូរ៉ូណាអាចឆ្លងទៅមនុស្សតាមខ្យល់អាកាស ប៉ុន្តែយើងត្រូវការប្រមូលភស្តុតាងបន្ថែម» (Video inside)

08-07-2020 12:26

(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក WHO បានទទួលស្គាល់ភស្តុតាងដែលថា វីរុសកូរ៉ូណាថ្មី (COVID-19) អាចចម្លងទៅមនុស្សតាមខ្យល់អាកាស ប៉ុន្តែភស្តុតាងទាំងនេះ ចាំបាច់ត្រូវរង់ចាំការប្រមូលព័ត៌មានបន្ថែម និងបកស្រាយឱ្យបានច្បាស់ជាមុនសិន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី០៨ ខែកក្កដា ឆ្នាំ២០២០។

នៅក្នុងសន្និសីទសារព័ត៌មានដ៏ខ្លីមួយ ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃអង្គារសប្ដាហ៍នេះ លោកស្រី ប៊េណេដេតថា អាល់លីហ្គ្រែនហ្ស៊ី (Benedetta Allegranzi) បានយ៉ាងបញ្ជាក់ដូច្នេះថា «វាពិតជាមានភស្ដុតាងបញ្ជាក់ ពីការចម្លងវីរុសកូរ៉ូណាថ្មីទៅមនុស្សតាមខ្យល់... ប៉ុន្តែភស្ដុតាងនេះ មិនទាន់មានភាពប្រាកដប្រជាទាំងស្រុងឡើយ ដោយវាតម្រូវឱ្យមានការប្រមូលព័ត៌មាន និងការបកស្រាយបន្ថែមឱ្យបានច្បាស់»។

គួរបញ្ជាក់ថា អង្គការ WHO ធ្លាប់បាននិយាយថា COVID-19 អាចចម្លងទៅមនុស្សតាមរយៈដំណក់ទឹកតូចៗ ដែលចេញពីច្រមុះ ឬមាត់ នៅពេលកន្តាស ឬ ក្អក។ ប៉ុន្តែនៅក្នុងលិខិតចំហមួយ ក្រុមអ្នកវិទ្យាសាស្ត្រ ២៣៩នាក់ មកពីប្រទេសចំនួន ៣២ បានបញ្ជាក់ជាថ្មីថា ពួកគេមានភស្ដុតាងដែលអាចបង្ហាញបានថា វីរុសកូរ៉ូណាថ្មីអាចចម្លងទៅមនុស្សតាមខ្យល់ ពោលគឺនៅពេលមនុស្ស ស្រូបវីរុសនេះចូលតែម្ដង។ ក្រុមអ្នកវិទ្យាសាស្ត្រទាំងនេះ ក៏បានអំពាវនាវឱ្យ WHO ត្រួតពិនិត្យឡើងវិញនូវអនុសាសន៍ និងការណែនំារបស់ខ្លួន កាលពីពេលមុនផងដែរ ពាក់ព័ន្ធនឹងការចម្លង ជំងឺរាតត្បាតសកលដ៏កាចសាហាវនេះ៕