(អ៉ីស្លាម៉ាបាដ)៖ រដ្ឋាភិបាលប៉ាគីស្ថានបានបណ្ដេញអាកាសយានិក ២៨នាក់ មកពីក្រុមហ៊ុនអាកាសចរណ៍ផ្សេងគ្នាចេញពីការងារ បន្ទាប់ពីបានរកឃើញថា ពួកគេប្រើប្រាស់ប័ណ្ណបើកបរយន្ដហោះក្លែងក្លាយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី០៨ ខែកក្កដា ឆ្នាំ២០២០។
បើតាមក្រសួងព័ត៌មានប៉ាគីស្ថាន អាជ្ញាធរអាកាសចរណ៍ស៊ីវិល ក៏បានព្យួរប័ណ្ណបើកបរយន្ដហោះរបស់ពីឡុត ៣៤នាក់ផ្សេងទៀតផងដែរ ក្នុងនោះមានពីឡុតជាស្ត្រី ០២នាក់ ហើយការស៊ើបអង្កេតមួយ នឹងត្រូវធ្វើឡើងលើអ្នកទាំងនេះ មុននឹងសម្រេចចិត្តថា ត្រូវដកប័ណ្ណបើកបរយន្ដហោះរបស់ពួកគេដែរ ឬក៏យ៉ាងណា។
គួរជម្រាបថា កាលពីដើមខែមិថុនាកន្លងទៅ អាជ្ញាធរអាកាសចរណ៍ស៊ីវិលប៉ាគីស្ថាន បានប្រកាសថា ពីឡុតសរុប ១៦០នាក់ មកពីក្រុមហ៊ុនអាកាសចរណ៍ជាច្រើន ក្នុងនោះរួមមានទាំងក្រុមហ៊ុន អាកាសចរណ៍អន្តរជាតិប៉ាគីស្ថា (Pakistan International Airlines), អ៊ែរប្លូ (Airblue) និង ស៊ែរិនអ៊ែរ (SereneAir) ត្រូវបានសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់ ប័ណ្ណបើកបរយន្ដហោះក្លែងក្លាយ ព្រមទាំងបង្គាប់ក្រុមហ៊ុនអាកាសចរណ៍ទាំងនោះ បញ្ឈរជើងពួកគេជាបណ្ដោះអាសន្ន រហូតទាល់តែការស៊ើបអង្កេតបញ្ចប់៕